(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ចំពោះកងទ័ពដែលបានចាក់វ៉ាក់សាំងរួចហើយ ទាំងចាក់បាន១លេីក និងបាន២លេីក ដែលបានឆ្លងជំងឺកូវីដ១៩នោះ គឺមានសុខភាពធម្មតាទេ មិនមានការធ្វើទុក្ខអ្វីនោះទេ ដែលអាចបញ្ជាក់បានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ បានបំពេញភារកិច្ចវាមួយចំណែកធំហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសអមដំណើរ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការ ជួសជុល កែលំអរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដូចនេះថា «វ៉ាក់សាំងនេះពេលទទួលបានវ៉ាក់សាំងនឹងហើយមិនមានការអះអាងថាមិនឆ្លងនោះទេ គឺនៅមានការឆ្លង ហើយ ពិតប្រាកដចឹងហ្មង ខ្ញុំបានតាមដានប៉ុន្មាននាក់ ជាទូទៅខ្ញុំមិនហ៊ាននិយាយទេ គឺចំពោះទ័ពប៉ុន្មាននាក់ដែលបានឆ្លងប៉ុន្មាននាក់ គឺបានតាមដានអស់ហើយ គឺអ្នកដែល ទទួលបានវ៉ាក់សាំងហើយទាំងអស់ ទាំងពី១ម្ជុល ទៅ២ម្ជុល ដូចនេះខ្ញុំតាមដានយ៉ាងជាប់អត់អី សុខភាពនៅធម្មតា ឥឡូវនេះចូលដល់កន្លែងព្យាបាលនៅសណ្ឋាគារ THE GREAT DUKE គឺសុខភាពធម្មតា ពេលមានកំដៅឡើង ឥលូវនេះគឺចុះទាំងអស់ បានន័យថា វ៉ាក់សាំងនេះបានបំពេញភារកិច្ចវា មួយចំណែកធំហើយ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងទៀតថា បើយើងបានចាក់វ៉ាក់សាំងរួចហើយ ជំងឺកូវីដ១៩នេះ ពេលមកក្នុងខ្លួនក៏មិនអាចធ្វើអីឱ្យយើង ធ្លាក់ក្នុង សភាពឈឺ ដោយធ្ងន់ធ្ងរនោះទេ ដែលជាក់ស្តែងកងទ័ពដែលដែលចាក់វាក់សាំងរួចហើយ ទាំងបានមួយម្ជុល និងបាន២ម្ជុល ទាំង៥នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ មានសុខភាពធម្មតា និងមានខ្លះបានជាសះស្បើយរួចហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែថា ជាជំហានដំបូងគឺអាចសន្និដ្ឋានបានថា អ្នកដែលទទួលបានវ៉ាក់នេះរួចហើយ ជំងឺកូវីដ១៩វាមិនអាចធ្វើឱ្យសុខភាពរបស់យើង ទ្រុធទ្រោមធ្ងន់ធ្ងន់ នោះទេ ក៏ប៉ុន្តែវានៅតែអាចចម្លងទៅកាន់អ្នកដ៏ទៃបានដែរ ដូចនេះហើយសូមកុំក្រអឺតក្រទបនឹងជំងឺនេះ នៅពេលបានចាក់រួចហើយក៏ដោយ។
គិតមកដល់ពេលនេះក្នុងជួរកងទ័ព មានអ្នកឆ្លងជំងឺកូវី១៩ ចំនួន៥នាក់ហើយ ដែលមានអ្នកឆ្លងចុងក្រោយឈ្មោះ តារា កុសល ដែលជាសិក្ខាកាម នៅក្នុងសកលវិទ្យាល័យការពារជាតិ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាល ជាសះស្បើយ ចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕