(ព្រះសីហនុ)៖ សណ្ឋាគារ និងអគារចំនួន ៦កន្លែងទៀតហើយ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ ក្រោយរកមិនឃើញមានអ្នកពាក់ព័ន្ធ នៅកន្លែងនោះទៀត។ នេះបើតាមលិខិតអនុញ្ញាតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងលិខិតរបស់អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សណ្ឋាគារទាំង៦កន្លែង ដែលបញ្ចប់ការធ្វើចត្តាឡីស័កនោះរួមមាន៖ អគារស្នាក់នៅរួមវ៉ាន់ឃឹឈឹង (អគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារកាស៊ីណូជីនប៉ី, សណ្ឋាគារ ភោជនីយដ្ឋាន ៨៨១១ ស្ថិតនៅផ្លូវលេខ៧០៧ ភូមិ៣ សង្កាត់លេខ៣, សណ្ឋាគារហានហ្គ័ន (មីងគ័ន) ស្ថិតនៅផ្លូវលេខ១១៥ ភូមិ៤ សង្កាត់លេខ៤, សណ្ឋាគារ អាលីយ៉ា អ៊ីនធ័រណេសិនណល ស្ថិតនៅផ្លូវ២៣ តុលា ភូមិ៤ សង្កាត់លេខ៤, សណ្ឋាគារ ប្រីលលានស៊ី និងកាស៊ីណូប៉ឡាយ ស្ថិតនៅផ្លូវលេខ៣០០ ភូមិ៤ សង្កាត់លេខ៤ និងសណ្ឋាគារ-កាស៊ីណូជីនប៉ីព័រអ៊ី (ជីន ប៉ី៣) ស្ថិតនៅផ្លូវលេខ១១៥ ភូមិ១ សង្កាត់លេខ៣។
បើទោះបីអនុញ្ញាត ឱ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែលោក គួច ចំរើន បានណែនាំឱ្យអ្នកគ្រប់គ្រង ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបថា ដោយសារតែស្ថានភាពនៅខេត្តព្រះសីហនុ ហាក់មានការធូរស្រាល ដោយប៉ុន្មានថ្ងៃមកនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» បន្ថែមទៀតនោះ រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យទីតាំងដែលមានការពាក់ព័ន្ធកន្លងទៅ បើកដំណើរការវិញជាបន្ដបន្ទាប់។
ចំពោះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៣៧នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុចំនួន ៣នាក់ និងខេត្តកណ្តាល១នាក់។ ដោយឡែកករណីជាសះស្បើយចំនួន១៩នាក់ រួមមាន នៅខេត្តព្រះសីហនុ ៧នាក់ និងរាជធានីភ្នំពេញចំនួន១២នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕