(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលទទួលបានម៉ាសចំនួន១៤ម៉ឺនម៉ាសថែមទៀត ពីលោកវរសេនីយ៍ឯក ប៊ុត ចាន់ថា និងសប្បុរជនមួយចំនួន ដើម្បីឲ្យសាលាខេត្តកំពង់ស្ពឺ ចាត់ចែងចែកដល់បុគ្គលិកក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងការទប់ស្កាត់កូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា។
លោកវរសេនីយ៍ឯក ប៊ុត ចាន់ថា និងភរិយា គឺលោកស្រី ឆឹល លក្ខិណា បានចុះប្រគល់ម៉ាស់ជាទ្រង់ទ្រាយធំ ដោយគិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក និងភរិយា បានប្រគល់ម៉ាស់ដល់អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ ចំនួន១៤ម៉ឺនម៉ាសហើយ ដោយ១សែនម៉ាស ប្រគល់ជូនដល់សាលាខេត្តកំពង់ស្ពឺ ១ម៉ឺនម៉ាស ជូនសាលាស្រុកសំរោងទង ១ម៉ឺនប្រគល់សាលាស្រុកឧដុង្គ ១ម៉ឺនម៉ាស់ប្រគល់ជូនស្នងការខេត្តកំពង់ស្ពឺ និង១ម៉ឺនម៉ាស់ផ្សេងទៀត ប្រគល់ជូនសាលាស្រុងគងពិសី កាលពីព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២១។
អ្វីដែលគួរកត់សម្គាល់ គឺលោក និងភរិយា ប្រកាសថា នឹងបន្តចែកជូននៅតាមសាលាស្រុកមួយចំនួនផ្សេងទៀត ដើម្បីជួយដល់អាជ្ញាធម៌ខេត្តឲ្យមានម៉ាស់គ្រប់គ្រាន់ចែកជូនមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលដោយកូវីត១៩ នៅក្នុងខេត្តកំពង់ស្ពឺ។
លោកវរសេនេយឯក ប៊ុត ចាន់ថា ហៅម៉ៅ សេនាធិការរងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ទើបតែបានបន្តដឹកនាំម៉ាស់ចំនួន១ម៉ឺនម៉ាស់បន្ថែមទៀតហើយ ជូនដល់សាលាស្រុកគងពិសី នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា ដោយសារតែលោកយល់ថា នៅក្នុងកាលៈទេសៈនេះ គឺមិនអាចយកម៉ាស់យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់បាន ទើបលោក និងភរិយា សម្រេចចិត្តយកទៅប្រគល់ជូនដល់ បណ្ដាអង្គភាពនៅខេត្តកំពង់ស្ពឺ ដើម្បីឲ្យអង្គភាពទាំងនេះ បន្តចាត់ចែងជូនដល់ពលរដ្ឋ តាមតែអាចធ្វើទៅបាន។
លោកថា ដោយសារតែកូវីត១៩ផ្ទុះខ្លាំង ទើបលោក និងភរិយា មិនអាចនៅស្ងៀម ហើយត្រូវតែជួយជាម៉ាស់ជូនដល់អង្គភាពនៅក្នុងខេត្ត ដើម្បីរួមចំណែក ម្យ៉ាងមកពីលោក និងភរិយា ជាអ្នករស់នៅ នៅក្នុងទឹកដីកំពង់ស្ពឺផង ទើបសម្រេចចិត្តជួយម៉ាស់តែក្នុងអង្គភាពសំខាន់ៗរបស់ខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នូវផលប៉ះពាល់នៅក្នុងទឹកដីដែលលោករស់នៅនេះ កុំឲ្យមានការកើនឡើងនូវជម្ងឺកូវីត១៩។
កន្លងមកលោក វ៉ី សំណាង ក៏បានថ្លែងអរគុណដល់សប្បុរជនទាំងអស់ ដែលបានផ្តល់អំណោយជាម៉ាស ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺនាពេលនេះ។ លោកបានបញ្ជាក់ថា អំណោយនេះ លោកនឹងយកទៅចាត់ចែង និងប្រើប្រាស់ឲ្យចំគោលដៅបំផុត ដើម្បីការពារពីការឆ្លងរីករាលដាលនៃកូវីដ១៩ និងការពារសុខភាពយើងទាំងអស់គ្នាផងដែរ។
គួរបញ្ជាក់ថា លោក ប៊ុត ចាន់ថា ជាមន្ត្រីរាជការក្នុងអង្គភាពមួយ ដែលលោកក៏ជាអ្នកជំនួញមួយរូបផងដែរ។ លោក និងភរិយាត្រូវបានគេស្គាល់ច្រើននៅខេត្តកំពង់ស្ពឺ ដោយសារតែសកម្មនឹងការបរិច្ចាគ ដោយជារឿយៗ គឺលោក និង ភរិយា តែងតែបរិច្ចាគជួយសាលាខេត្ត ជួយដល់អង្គភាពផ្សេងៗ និង ជួយដល់ពលរដ្ឋខ្វះខាតជាច្រើនគ្រួសារ។
ជាក់ស្ដែងក្នុងពិធីបើកសម្ពោធស្ថានីយ៍ទឹកស្អាត កាលពីពេលថ្មីៗ លោក និង ភរិយា ក៏បានចែកអំណោយជាអង្ករ ភួយ គ្រឿងឧបភោគបរិភោគ និង ថវិកា ជូនដល់ពលរដ្ឋជាង៤០០គ្រួសារនៅស្រុកបសេដ្ឋកំពង់ស្ពឺដដែល ដោយមានតារាល្បីៗ មកចូលរួមចុះចែកផងដែរ ដែលធ្វើអោយអ្នកទទួលអំណោយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានទាំងថវិកា អំណោយ និងបានជួបតារាដោយផ្ទាល់៕