(ភ្នំពេញ)៖ ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាស និងទឹកបរិសុទ្ធជាង១ម៉ឺនដប ត្រូវបានក្រុមហ៊ុនឯកជនមួយ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ អំណោយដែលលោក ឃួង ស្រេង ទទួលពីសប្បុរសជនខាងលើនេះ រួមមាន៖ ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាស និងទឹកបរិសុទ្ធចំនួន១២០០០ដប។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕