(បាត់ដំបង)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មី ដែលមានទីតាំងនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឲ្យដំណើរការ ដោយភ្ជាប់ទៅក្នុងបណ្តាញជាតិ ជាមួយនឹងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០/១១៥គីឡូវ៉ុល បាត់ដំបង តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ប្រវែងប្រមាណ ២០ គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយផលិតថាមពលនេះផ្ទាល់។
លោកបញ្ជាក់ថា ស្ថានីយផលិតថាមពល ៦០មេហ្កាវ៉ាត់ថ្មីនេះ គឺជាផ្នែកមួយនៃផែនការ ក្នុងចំនួនសរុបប្រមាណ ៤៥០មេហ្កាវ៉ាត់ នៃការផលិតចេញពីពន្លឺព្រះអាទិត្យ ដែលជាថាមពលស្អាត ដែលត្រូវតភ្ជាប់ទៅក្នុងបណ្តាញជាតិ នៅក្នុងឆ្នាំ២០២២ ដែលមកដល់ពេលនេះ បានដាក់ឲ្យដំណើការប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។
លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា «នេះគឺជាប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជា ក្នុងការបង្កើនល្បាយថាមពលកកើតឡើងវិញ ជាថាមពលស្អាត ដែលផលិតចេញពីពន្លឺព្រះអាទិត្យ ឲ្យមានភាគរយកាន់តែច្រើន មានអនុភាពយ៉ាងតិច ៤៥០មេហ្កាវ៉ាត់ មុនដាច់ឆ្នាំ២០២២ ដែលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផែនការអនាគតរបស់យើង គឺនឹងមានការដាក់ពង្រាយថាមពលស្អាតឲ្យបានកាន់តែច្រើន ក្នុងប្រព័ន្ធបណ្តាញជាតិរបស់យើង»។
លោកបន្តថា ថាមពលដើរដោយពន្លឺព្រឹះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកផលិតថាមពលប៉ុណ្ណោះទេ គឺបានបញ្ជូនប្រភពផ្គត់ផ្គង់ទៅជិតតំបន់ប្រើប្រាស់ ដែលរួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនជុំវិញផងដែរ ដែលអាចបង្កើននិរន្តរភាព និងគុណភាពនៃការផ្គត់ផ្គង់នឹងបានល្អជាងមុន ដែលបច្ចុប្បន្នកំពុងយកប្រភពពីកន្លែងឆ្ងាយ។
ជាមួយគ្នានេះដែរ ជាលក្ខណៈសង្គម ក៏នឹងបានជួយបង្កើតការងាររាប់រយកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពរកប្រាក់ចំណូលបានជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយ ក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។ ថាមពលនេះក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនបន្តទៀត ជាពិសេសវិស័យឧស្សាហកម្ម ដែលនៅពេលអនាគតចាំបាច់ត្រូវមានល្បាយថាមពលស្អាតនេះកាន់តែច្រើនដើម្បីគាំទ្រដំណើរការផលិតកម្មរបស់ខ្លួន។
សូមជម្រាបថា ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបងនេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយគ្នានេះ ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ២កន្លែងបន្ថែមទៀត ក៏កំពុងរៀបចំសាងសង់ផងដែរ គឺនៅខេត្តកំពង់ឆ្នាំង ផ្តល់អានុភាព១០០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង អានុភាព ២០មេហ្កាវ៉ាត់៕