(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពង្រឹង សមត្ថភាពសមាសភាពក្រុមការងារសកម្មភាពជនពិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០១៦ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់ក្រុមការងារដើម្បីពិចារណា ការដាក់បញ្ចូលការងារជនពិការទៅក្នុងការងារអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៥រួមមាន៖
ទី១៖ ស្នើលើកទឹកចិត្តដល់ជនពិការដើម្បីចូលរួមអភិវឌ្ឍក្នុង ការងារកសិកម្ម
ទី២៖ បង្កើនកិច្ចអន្តរាគមន៍ដើម្បីធានាដល់ការងារសន្តិសុខស្បៀងសម្រាប់ ជនពិការ
ទី៣៖ បន្តបណ្តុះបណ្តាលជនពិការអំពីការងារបសុខសត្វ
ទី៤៖ ជំរុញឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីការងារជលផល
ទី៥៖ បង្កើនចំនួនជនពិការឲ្យជួយក្នុង វិស័យព្រៃឈើ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រីមាសសម្រាប់ឆ្នាំ២០១៦ ដោយមានការ អញ្ជើញជាអធិបតីពីសំណាក់លោក ម៉ាន សុគ្រី អនុរដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារសកម្មភាពជនពិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីជាច្រើនរូបទៀត។
លោកអគ្គលេខាធិការ ឯម ច័ន្ទមករា បានថ្លែងឲ្យដឹងទៀតថា តាមរយៈផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានយកចិត្តទុកដាក់លើក ទឹកចិត្តដល់ ជនពិការក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួន ដូចជា៖ កសិមុខរបប មុខរបរខ្នាតតូច ខ្នាតមធ្យម ខ្នាតធំ ជាលក្ខណៈឯកត្តជន ឬសមូហភាពរបស់ជនពិការតាមរយៈការផ្តល់ឥណទានដែល មានការប្រាក់ទាន ឬគ្មានការប្រាក់ និងសម្បទានសម្រាប់ប្រកបមុខរបរ ឬតាមរយៈ ការកាត់ បន្ថយពន្ធដារនិងការផ្តល់អាទិភាពផ្សេងទៀតស្របតាមច្បាប់ជាធរមាន។
លោក ឯម ច័ន្ទមករា បានបន្តទៀតថា ដើម្បីឲ្យផែនការងារយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ទទួលបានជោគជ័យក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺទាមទារនូវ អភិក្រមដែលផ្អែកលើកការរៀបចំសកម្មភាព ដើម្បីធានាឲ្យមានការសម្របសម្រួល ជាយុទ្ធ សាស្រ្ត និងការចាត់សកម្មភាពជាអាទិភាពនានា ហើយគួរលើកទឹកចិត្តឲ្យមានសកម្មភាព នានា ដែលជំរុញ ឬគាំទ្រដល់ការពង្រឹងបន្ថែមនូវកាលានុវត្តភាពនានា ក៏ដូចជាការពង្រីក នូវអត្ថប្រយោជន៍ និងផលចំណេញបន្ថែមសម្រាប់សង្គម ពិសេសជនពិការ។
លោកអគ្គលេខាធិការ បានឲ្យដឹងទៀតថា ដើម្បីឲ្យក្រុមការងារសកម្មភាពជនពិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសិទ្ធភាព និងអាចងាយស្រួលវាស់វែងបាន ចាំបាច់ត្រូវធ្វើការតាមដានត្រួតពិនិត្យ និងការវាយតម្លៃអំពីការវាស់ស្ទង់ប្រសិទ្ធភាពនៃកិច្ចប្រឹងប្រែងក្នុងការងារពិការភាព ហើយរៀបចំការពិនិត្យតាមដានសកម្មភាព ដើម្បីឈានទៅរកការកាត់បន្ថយការរើសអើងចំពោះជនពិការនិងការលើកកម្ពស់សិទ្ធិជនពិការ។