(ព្រះវិហារ)៖ រោងវេទិការមួយខ្នងដែលគ្រោងសាងសង់នៅមាត់ទន្លេជាប់ព្រំដែនឡាវ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីក្រុងពាល់សាងសង់ហើយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងជាច្រើនរូបទៀត។
លោក សុខ សាន្តតារ៉ា បានថ្លែងប្រាប់ថា រោងវេទិការដែលកំពុងក្រុងពាលីសាងសង់នេះមានទំហំ ១៥ម៉ែត្រ គុណ ២៧ម៉ែត្រ ជំនួសឲ្យរោងវេទិការចាស់ដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយ។ រោងវេទិការថ្មីនេះ គ្រោងចំណាយថវិកាសាងសង់អស់ចំនួន ៩៨០០០ដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។
លោកអភិបាលស្រុកឆែប បានថ្លែងទៀតថា រោងវេទិការនេះជាសមទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ក្រោមគំនិតផ្តួចផ្តើមសាងសង់ដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។ ការសាងសង់យកលំនាំតាមរចនាបទ និងស្មាដៃកូនខ្មែរជាអ្នកសាងសង់។ ចំពោះថវិកាចំណាយការសាងសង់ជាបន្ទុករបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីសប្បុរសជនផងដែរ។
លោក សុខ សាន្តតារ៉ា បានថ្លែងយ៉ាងដូច្នេះទៀតថា «រោងវេទិការថ្មីនេះ ធ្វើឡើងដើម្បីរៀបចំពិធីផ្សេងៗ ពិសេសគឺពិធីប្រណាំងទូកងរដែលតែងធ្វើឡើង ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកខួង ខេត្តចម៉្បាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រទេសទាំងពីរ តែងមានទំនាក់ទំនងគ្នាល្អជាមួយគ្នា តាំងពីមុនរហូតដល់បច្ចុប្បន្ន ជាព្រំដែនមានសន្តិភាព និងមិត្តភាពជារៀងរហូត»៕