(កំពង់ចាម)៖ ដោយសារមានសំណូមពរពីប្រជាពលរដ្ឋ រស់នៅស្រុកស្រីសន្ធរ និងស្រុកកងមាស បានស្នើសុំមកលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុត កាលពីឆ្នាំកន្លងទៅ ដែលបណ្ដាលឱ្យរងផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំ របស់ពួកគាត់ជាច្រើនហិកតា។
ក្នុងគម្រោងជួសជុលច្រាំងទន្លេខាងលើនេះ ដើម្បីពន្លឿនដល់ការងារឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេ ដែលបានបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋនៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានសហការជាមួយដៃគូក្រុមហ៊ុន ឯកជនមួយ នឹងធ្វើការបូមយកខ្សាច់ និងដីពីតំបន់កោះតូច។
ដោយក្រុមហ៊ុន ត្រូវអនុវត្តទៅតាមគម្រោងផែនការកន្លងមកនូវការទទួល ស្ថាបនាទប់ស្កាត់ ការបាក់ច្រាំងទន្លេនេះ គឺប្រើប្រាស់យុទ្ធវិធីយកបាវខ្នាតធំ ឈ្មោះ GEO-TEXTILE សម្រាប់ច្រកដី និងខ្សាច់ដូចវិធានការខាងក្រសួង ធនធានទឹក និងឧតុនិយម ធ្លាប់បានស្ថានាជាច្រើនកន្លែងមកហើយ នាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពេលមានជំនន់បាក់ច្រាំងទន្លេ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឲ្យដឹងអំពីសារសំខាន់ នៃការបូមយកដី និងខ្សាច់ពីតំបន់កោះតូចនេះ គឺដើម្បីជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងទន្លេខាងលើនោះ៕