(ភ្នំពេញ)៖ ស្ថានទូតរបស់ប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ និងសិក្សាក្នុងសហរដ្ឋអាមេរិកទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាកើតឡើងគួរឲ្យបារម្ភ លើពលរដ្ឋអាស៊ីរស់នៅអាមេរិក ដែលកំពុងកើតមានឡើង នៅក្នុងរដ្ឋមួយចំនួន។
សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតខ្មែរនៅអាមេរិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនានេះ បានបញ្ជាក់ថា «ស្ថានទូតសូមអំពាវនាវដល់បងប្អូនទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាខាងលើ (អំពើហិង្សាមកលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី) ហើយក្នុងករណីទទួលរង ឬមើលឃើញហេតុការណ៍ហិង្សាណាមួយកើតឡើង សូមរាយការណ៍អំពីករណីនោះទៅប៉ូលិស ឬអាជ្ញាធរមូលដ្ឋាន»។
ក្នុងករណីត្រូវការអន្តរាគមន៍របស់ស្ថានទូត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ២០២ ៧២៦ ៧៧៤២ ឬ ២០២ ៩៩៧ ៧០៣១ ឬអ៉ីម៉ែល consular.camemb.usa.gmail.com ស្ថានទូតនឹងខិតខំរួមចំណែកដោះស្រាយតាមគ្រប់លទ្ធភាព៕