(សៀមរាប)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋដែលមកពីក្រៅប្រទេស ។
ដំណេីរចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះ មានការចូលរួមពីលោក គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។
លោក ទៀ សីហា បានជំរុញដល់ក្រុមការងារប្រចាំការទាំងអស់ត្រូវអនុវត្តការងារនេះ ឱ្យបានហ្មត់ចត់ ជៀសវាងការគេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវណែនាំដល់អ្នកដែលមកធ្វើចត្តាឡីស័កអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានចុះពិនិត្យទីតាំងត្រួតពិនិត្យសុខភាពបឋម និស្គេន QR Code មួយទៀតនៅព្រំប្រទល់ស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យដល់អ្នកដំណើរចូលមកក្នុងខេត្តសៀមរាប ដែលគ្រោងដាក់ឱ្យអនុវត្តនាថ្ងៃទី២០ ខែមីនា ខណៈដែលទីតាំងទីមួយបានដំណើរការនៅស្រុកជីក្រែង ព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៩ ខែមីនាមក។
ក្រៅពីនេះ លោក ទៀ សីហា ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ(កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួម (ចូលរួមយុទ្ធនាការប្រឆាំងនឹងកូវីដ-១៩ ប្រើ QR Code "Stop covid-19 ទប់ស្កាត់កូវីដ-១៩" ក្នុងខេត្តសៀមរាបទាំងមូលផងដែរ៕