(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា បូករួមព្រមទាំងមន្រ្តីសកម្មជនគាំទ្រ CNRP នៅសហរដ្ឋអាមេរិក ចេញមុខមកសម្តែងការអាណិតអាសូរ ស្រីវ័យក្មេងដែលចាញ់បោកលង់ខ្លួនប្រាណជាមួយលោក កឹម សុខា។ ឥឡូវនៅពេលនេះ មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» ដដែលបានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា​ ធី សុវណ្ណថា។

នៅក្នុងសម្លេងចំនួនជិត៥នាទីនោះលោក កឹម សុខា​ បាននិយាយថា៖ «ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពី នៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ»

ក្រៅពីសម្លេងលោក កឹម សុខា ថ្លែងសារសងជាមួយស្រីស្នេហ៍ និយាយដើមកញ្ញា ធី សុវណ្ណថា, មន្រ្តីសកម្មជន CNRP ក៏បានសរសេររៀបរាប់នៅលើឲ្យដឹងយ៉ាងដូច្នេះទៀតថា៖

«ពុតត្បុតរបស់លោក កឹម សុខា និងការធ្វើនយោបាយបោកប្រាស់យុវជន ដើម្បីកេងចំណេញនយោបាយ ប្រើហើយ បោះបង់ចោល និងប្រមាថមាក់ងាយ

បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសជាទីគោរព ស្រឡាញ់!

ដូចខ្ញុំបានជម្រាបជូនរួចមកហើយថា ខ្ញុំបាទបានអត់ទ្រាំលាក់រឿងអាថិកំបាំងជាច្រើនរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលលួចមានសាហាយស្មន់ រឿងអាស្រូវស្រីញី ប្រព្រឹត្តអានាចារដូចសត្វធាតុ ពីព្រោះតែចង់ទុកមុខមាត់ឲ្យបក្សសង្គ្រោះជាតិ ណាមួយដោយខ្ញុំយល់ថា ខ្ញុំក៏ជាពលរដ្ឋខ្មែរមួយរូបដែរ មិនចង់និយាយពីបញ្ហានេះ នាំឲ្យកិត្តិយសខ្មែរខ្មាស់ប្រទេសជិតខាង និងស្អុយឈ្មោះទៅដល់អន្តរជាតិ។

ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមទម្លាយអាថិកំបាំងមួយចំនួន ដែលភស្តុតាងទី១នេះ ខ្ញុំសូមបង្ហាញជូនឲ្យបងប្អូនជនរួមជាតិទាំងអស់ ស្តាប់នូវការនិយាយឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរវាង លោក កឹម សុខា ជាមួយស្រីស្នេហ៍ ដែល លោក កឹម សុខា បានចោទប្រកាន់មកលើយុវតីឈានមុខគេរបស់បក្សសង្គ្រោះជាតិ ដែលធ្លាប់បានដឹកនាំកម្លាំងប្រជាពលរដ្ឋ និងយុវជនក្នុងសកម្មភាពធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនាពេលកន្លងមក គឺកញ្ញា ធី សុវណ្ណថា ប៉ុន្តែបែរជាត្រូវបានលោក កឹម សុខា ដៀលត្មេះទៅលើ ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពីនៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ និងអ្វីដែលខ្ញុំគិតថា វាអយុត្តិធម៌បំផុតសម្រាប់ ធី សុវណ្ណថានោះ ត្រង់ពាក្យដែលលោក កឹម សុខា ចោទថា កន្លងមក ធី សុវណ្ណថា យកបក្សសង្គ្រោះជាតិធ្វើនយោបាយ»។

សូមស្តាប់លោក កឹម សុខា បរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា ប្រាប់ស្រីស្នេហ៍ (អាមុំ) ដូចតទៅ៖

សកម្មជនគាំទ្រ CNRP បន្តបើកទម្លាយ សម្លេងលោក កឹម សុខា និយាយដើមកញ្ញា ធី សុវណ្ណថា ប្រាប់ស្រីស្នេហ៍ឈ្មោះអាមុំ

Posted by Fresh News on Monday, February 29, 2016