(ភ្នំពេញ)៖ អតីតម្ចាស់ហាងជួលការ ណាំទ្រា នៅខាងជើងរង្វង់មូលផ្សារដើមថ្កូវត្រូវបានស្ត្រីវ័យចំណាស់ម្នាក់ដាក់ពាក្យបណ្ដឹង ទៅកាន់ការិយាល័យជំនាញ ពីបទលួចវាយជញ្ជាំងផ្ទះរួម ហើយមិនព្រមជួសជុលអោយដូចដើមឡើងវិញ ដោយករណីនេះ ត្រូវបានភាគីម្ចាស់ផ្ទះរងគ្រោះអះអាងថា ជាសកម្មភាពធ្វើឡើងបង្កប់នូវអំពើទុច្ចរិតដែលមិនអាចទទួលយកបានឡើយ។
យោងតាមពាក្យបណ្ដឹងពីស្ត្រីឈ្មោះ ទេព សុខា អាយុ៦១ឆ្នាំ មានទីលំនៅផ្ទះលេខ៤១ ផ្លូវលេខ៤៦០ ភូមិ២សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនប្ដឹងចូលទៅប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខណ្ឌចំការមន បានប្ដឹងឈ្មោះ ណាំ ទ្រា ដែលគេស្គាល់ឈ្មោះផន សុភ័ក្រ ជាម្ចាស់សំណង់ក្បាលដីលេខ២៧១ ផ្លូវលេខ៤៨០ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ពីបទលួចវាយបំផ្លិចបំផ្លាញជញ្ជាំងផ្ទះរួមគ្នា ហើយសន្យាធ្វើអោយវិញតែមិនព្រមធ្វើដូចទៅតាមការសន្យាឡើយ។
អ្នកស្រីទេព សុខា ដែលចាត់ទុកថាខ្លួនជាជនរងគ្រោះដោយសកម្មភាពរបស់ម្ចាស់ផ្ទះជាប់ព្រំដី គឺជាអតីតម្ចាស់ទីតាំងជួលការណាំ ទ្រា បានរៀបរាប់អោយដឹងថាខ្លួនមានដីមួយកន្លែងមានទទឹង៦ម៉ែត្រលេខក្បាលដី២៧២ នៅបណ្តោយផ្លូវលេខ៤៨០ គឺនៅជាប់ជាមួយក្បាលដីលេខ២៧១ របស់ឈ្មោះ ផន សុភ័ក្រ ហៅ ណាំ ទ្រា ហើយនៅពេលថ្មីៗនេះ ខ្លួនក៏រៀបចំបុកគ្រឹះដើម្បីសាងសង់ផ្ទះនៅ។ ស្រាប់តែនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ឈ្មោះផន សុភ័ក្រហៅណាំទ្រាបានបញ្ជាអោយកម្មករនិងកូនចៅរបស់ខ្លួន យកញញួរពូថៅទៅវាយបំផ្លិចបំផ្លាញរបងផ្ទះរួមចោលដោយមិនមានការឯកភាពពីអ្នកស្រី ដែលជាម្ចាស់ដីជាប់ព្រំនោះឡើយ។ ក្រោយវាយបំផ្លិចបំផ្លាញហើយអ្នកស្រីបានទូរស័ព្ឌទៅសួរ នាំ និងជួបចរចាគ្នាទើបភាគីលោក ផន សុភ័ក្រ ហៅណាំ ទ្រា សន្យាថា៣ថ្ងៃក្រោយ នឹងរៀបជញ្ជាំងអោយដូចដើមវិញ តែតាំងពីពេលនោះមកមិនឃើញភាគី ណាំ ទ្រា មករៀបជញ្ជាំងឥដ្ឋអោយដូចដើមវិញនោះឡើយ ទើបអ្នកស្រីសម្រេចដាក់ពាក្យបណ្ដឹងទៅអង្គភាពជំនាញអោយជួយអន្តរាគមន៍តាមច្បាប់។
ពាក់ព័ន្ធករណីនេះ អ្នកស្រីទេព សុខា បានរំលឹកថាតាមពិតដីរបស់អ្នកស្រីនេះដើមឡើយគឺជាដីរបស់អ្នកផ្សេង តែកន្លងមកអ្នកស្រីមានផ្ទះល្វែង នៅក្នុងសង្កាត់បឹងត្របែក តែអ្នកមានដីជាប់គ្នាបានបុកគ្រឹះសង់ខុនដូ បណ្តាលឲ្យប្រេះផ្ទះអ្នកស្រី មិនអាចរស់នៅកើតក៏មានការប្ដឹងផ្ដល់គ្នា ដោយចុងក្រោយ មានការសម្របសម្រួលគ្នា អ្នកស្រីក៏សុខចិត្តដោះដូរយកដី ដែលមានក្បាលលេខ២៧១ ផ្លូវលេខ៤៨០នៅជាប់ដីរបស់ឈ្មោះ ផន សុភ័ក្រ ហៅ ណាំទ្រា នេះតែម្ដងទៅ។ ប៉ុន្តែខណៈដែលអ្នកស្រីចាប់ផ្ដើមបុកគ្រឹះសាងសង់ផ្ទះស្រាប់តែមានករណីនេះកើតឡើងដោយក្នុងនោះ តាមការសនិដ្ឋានរបស់អ្នកស្រីគឺភាគីបង្កមានចេតនារារាំងមិនអោយអ្នកស្រីសាងសង់ផ្ទះរស់នៅដោយស្រួលដោយគេមានបំណងទិញយកដីអ្នកស្រីដើម្បីពង្រីកក្បាលដីរបស់គេអោយធំសម្រាប់ធ្វើការសាងសង់សំណង់អ្វីមួយក៏អាចថាបានដែរ មិនតែប៉ុណ្ណោះគេថែមទាំងដើរនិយាយថាការបាក់ជញ្ជាំងរបងរួមនេះ គឺដោយសារតែភាគីអ្នកស្រីបុកគ្រឹះទើបធ្វើអោយប្រេះបាក់ តែជាក់ស្ដែងស្នាមរបងប្រេះបាក់ដោយការរញ្ជួយនិងរបងបាក់បែកដោយការវាយបំបែកគឺខុសគ្នា។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ អង្គភាព Fresh news មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីភាគីលោក ផន សុភ័ក្រ ហៅ ណាំ ទ្រា បានឡើយដោយសារមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង៕