(ភ្នំពេញ)៖ ប្រទេសបង់ក្លាដែស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីអបអរសាទរ «ខួបកំណើត១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ូ រ៉ាម៉ាន់» និង «ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី៥០»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានផ្តល់កិត្តិឱ្យអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា នៅក្នុងពិធីដ៏មានតម្លៃរបស់ប្រជាជាតិបង់ក្លាដែសផងដែរ។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្លាយជាឧបសគ្គធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន មិនអាចអញ្ជើញចូលរួមពិធីនេះដោយផ្ទាល់នៅទីក្រុងដាក្កា បាននោះឡើយ។
បើទោះបីមិនបានចូលរួមដោយផ្ទាល់យ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសារអបអរសាទរពិធីនេះតាមរយៈប្រព័ន្ធវីដេអូផងដែរ។ សម្តេចតេជោ បានសម្តែងនូវសេចក្តីសោមន្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ «ខួបកំណើត ១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់» និង «ទិវាបុណ្យឯករាជ្យជាតិបង់ក្លា-ដែស ខួបលើកទី៥០»។
ក្នុងសុន្ទរកថានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់។
សម្តេចតេជោ បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានាធិបតី អាប់ឌុល ហាមីត និង លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា, ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ វឌ្ឍនភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះបានផ្តល់លទ្ធភាពឱ្យបង់ក្លាដែស អាចបំពេញបាននូវលក្ខខណ្ឌតម្រូវ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២១នេះ។
ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដែសផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថាទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ១៩៧៣។
សម្តេចតេជោបន្តថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា ក្នុងរយៈពេលជិត ៣ទសវត្សរ៍កន្លងទៅនេះ សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជា-ជាតិ និងប្រជាជនទាំងពីរ។
សម្តេចតេជោ ក៏បានរំលឹងពីការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងជាបន្តបន្ទាប់នាពេលកន្លងទៅ។ ក្នុងនោះសម្តេច បានធ្វើទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រដោយផ្ទាល់នៅបង់ក្លាដែស ក្នុងខែមិថុនា ឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០១៧។
តាមរយៈដំណើរទស្សនកិច្ច បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនោះ សម្តេចតេជោ និងលោកស្រីនាយករដ្ឋមន្ត្រី បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ។
មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។ ជាពិសេសជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩៕