(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ បានតម្រូវឱ្យភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរ អនុវត្តតាមក្រមប្រតិបត្តិអង្គរ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
អាជ្ញាធរជាតិអប្សរាបានអះអាងថា ចាប់តាំងសតវត្សរ៍ទី៩-១៥ អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ដែលត្រូវគេប្រសិទ្ធនាមឈ្មោះថា អាណាចក្រខ្មែរ។ មកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជាសំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។
អាជ្ញាធរជាតិអប្សរា បានសហការជាមួយអ្នកស្រុកអង្គរ ភ្ញៀវទេសចរ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរអនុវត្តតាម ក្នុងគោលដៅធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជាបទពិសោធន៍ល្អៗ ការគោរពលើកតម្លៃ និងរបៀបរៀបរយសម្រាប់តំបន់មណីយដ្ឋានអង្គរ។ ឯខ្លឹមសារសំខាន់ៗនៃក្រមប្រតិបត្តិនោះ រួមមាន ហាមស្លៀកខើចលើខើចក្រោម ហាមប៉ះក្បាច់ចម្លាក់ឬអង្គុយលើថ្មទ្រុឌទ្រោម ហាមស្រែកឡូឡា ហាមឡើងលើគំនរថ្ម ត្រូវគោរពស្លាកសញ្ញា ហាមជក់បារី និងចោលសំរាមជាដើម។
ដោយឡែក ស្ថិតនៅក្នុងដំណាក់កាលដែលមេរោគកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនេះ អាជ្ញាធរជាតិអប្សរាបានតម្រូវចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ត្រូវគោរពក្រមប្រតិបត្តិអង្គរផង អនុវត្តន៍តាមណែនាំរបស់ក្រសួងសុខាភិបាលផង ដូចជា ពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំមនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម។
ដូចនេះ ការគោរពក្រមប្រតិបត្តិអង្គរផង និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង គឺជាការជួយខ្លួនឯងឱ្យមានសុវត្ថិភាព ក៏ដូចជារួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរផង៕