(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមសុពលភាព លើការទិញបណ្ណចូលទស្សនា «រមណីយដ្ឋានអង្គរ» ដល់ភ្ញៀវទេសចរអន្តរជាតិ ឲ្យមានរយៈពេលយូរជាងមុន ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ការសម្រេចបន្ថែមសុពលភាព លើបណ្ណចូលទស្សនា «រមណីយដ្ឋានអង្គរ» នេះ ដើម្បីផ្តល់ភាពងាយស្រួល និងលើកកម្ពស់សេវាកម្មទេសចរណ៍ និងធានាបាន នូវភាពទាក់ទាញរបស់ភ្ញៀវទេសចរ មកកាន់រមណីយដ្ឋានអង្គរ ក្នុងកំឡុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

តាមសេចក្ដីប្រកាសថ្មី របស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការសម្រេចនេះចាប់អនុវត្ដពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖

* ប្រភេទសំបុត្រចូលទស្សនាធម្មតា

១៖ ទិញសំបុត្រចូលទស្សនារយៈពេល០១ថ្ងៃ មានសុពលភាពរយៈពេល០២ថ្ងៃ
២៖ ទិញសំបុត្រចូលទស្សនារយៈពេល០៣ថ្ងៃ មានសុពលភាពរយៈពេល០៥ថ្ងៃ
៣៖ ទិញសំបុត្រចូលទស្សនារយៈពេល០៧ថ្ងៃ មានសុពលភាពរយៈពេល១០ថ្ងៃ

* ប្រភេទសំបុត្រចូលទស្សនា រយៈពេលវែង (សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលកាន់ទិដ្ឋាការលើសពី៣ខែ)

១៖ ទិញសំបុត្រចូលទស្សនា រយៈពេល១ខែ មានសុពលភាពរយៈពេល២ខែ
២៖ ទិញសំបុត្រចូលទស្សនា រយៈពេល៣ខែ មានសុពលភាពរយៈពេល៦ខែ
៣៖ ទិញសំបុត្រចូលទស្សនា រយៈពេល៦ខែ មានសុពលភាពរយៈពេល១២ខែ។

បណ្ណចូលទស្សនាតំបន់អង្គរ មាន៣ប្រភេទ៖ បណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ។ ក្នុងសំបុត្រ១ត្រូវដក ២ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា រយៈពេល២ខែ ដើមឆ្នាំ២០២១នេះ បើតាមស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរភ្ញៀវទេសចរ មានជនបរទេស ចំនួនសរុប ៤,១៩៤នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៧២,៨២៣ដុល្លារអាមេរិក៕