(ភ្នំពេញ)៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) លោក អាន សុខខឿន បានក្រើនរំលឹកដល់អ្នករាយការណ៍ពិសេស មិនត្រូវដើរតួជាចៅក្រមកាត់សេចក្ដី នៅពេលធ្វើសេចក្តីរាយការណ៍ និងការសន្និដ្ឋានឡើយ។
ការក្រើនរំលឹកនេះ បានធ្វើឡើងនាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស «កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី៥ ស្តីពីយន្តការ និងស្ថាប័នសិទ្ធិមនុស្ស» នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅចំពោះមុខប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស, លោក អាន សុខខឿន បានលើកឡើងថា កិច្ចសហប្រតិបត្តិការ គឺជាដំណើរការទៅវិញទៅមក ដែលអ្នកកាន់អាណតិ្តនីតិវិធីពិសេសដូចគ្នា ដែលត្រូវបំពេញតួនាទីរបស់ខ្លួន ប្រកបដោយភាពសត្យានុម័ត មិនលម្អៀង មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម។
ក្នុងន័យនេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទទួលបានប្រសិទ្ធភាពពិតប្រាកដ អ្នកកាន់អាណតិ្តនីតិវិធីពិសេស គួរអនុវត្ត ៣ចំណុច រួមមាន៖
* ទី១៖ បំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «ក្រមសីលធម៌» និង «សៀវភៅណែនាំប្រតិបត្តិការសម្រាប់នីតិវិធីពិសេស» ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃ ការប្រមូលព័ត៌មានពិត ចេញពីប្រភពដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។ អ្នកកាន់អាណតិ្តនីតិវិធីពិសេស ត្រូវចៀសវាងការសន្មត់ថាមានកំហុសទុកជាមុន និងការប្រញាប់ប្រញាល់ចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ ជាមួយប្រភពរដ្ឋាភិបាលជាមុន។
* ទី២៖ ជួយដល់រដ្ឋក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយត្រូវពិចារណាអំពីបរិបទដោយឡែករបស់ប្រទេសនីមួយៗ និងមិនត្រូវដើរតួជាចៅក្រមកាត់សេចក្ដី នៅពេលធ្វើសេចក្តីរាយការណ៍និងការសន្និដ្ឋានឡើយ។
* ទី៣៖ ផ្តល់ការប្រឹក្សាយោបល់លើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងជំនួយកសាងសមត្ថភាព តាមការស្នើសុំរបស់រដ្ឋ ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈម ជាជាងពិនិត្យមើលលើតែអាការៈខាងក្រៅនោះឡើយ។
«ចុងបញ្ចប់ មានតែការយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមពិធីសារខាងលើប៉ុណ្ណោះទេ ទើបអ្នកកាន់អាណតិ្តនីតិវិធីពិសេស អាចទទួលបាននូវការជឿទុកចិត្តពីបណ្ដារដ្ឋទាំងអស់»។ នេះជាការបញ្ជាក់របស់លោក អាន សុខខឿន។
លោក អាន សុខខឿន តាងនាមគណៈប្រតិភូតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏បានចូលរួមគាំទ្រសេចក្តីថ្លែងការណ៍របស់អាស៊ាន ក្នុងការគូសបញ្ជាក់អំពីភាពចាំបាច់ កែលម្អការងាររបស់អ្នកកាន់អាណតិ្តនីតិវិធីពិសេស ដោយផ្តោតលើវិជ្ជាជីវៈ គណនេយ្យភាព និងទំនួលខុសត្រូវ ប្រកបដោយភាពស្មោះត្រង់។
លោកបន្តថា រយៈពេលជិត ៣ ទសវត្សរ៍ កន្លងមកនេះ កម្ពុជាបានទទួលយកអ្នករាយការណ៍ពិសេសប្រចាំប្រទេសចំនួន ៦ រូប ដែលអាណត្តិពួកគាត់ត្រូវបានបន្ត តាមរយៈសេចក្តីសម្រេចចិត្ត អនុម័តដោយកុងសង់ស៉ីស ហើយរាល់សំណើសុំធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក៏ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលដែរ។ ប្រការទាំងនេះបង្ហាញឱ្យឃើញច្បាស់ពីការចូលរួម ដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ជាមួយនឹងយន្តការនេះ៕