(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអររហូតមកដល់ពេលនេះ បានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ។
លោក ឃួង ស្រេង បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជូសជុល និងថែទាំស្តូបព្រះបរមរតនកោដ្ឋ ឲ្យបានជាប្រចាំរួមទាំងការថែទាំសួនច្បារនៅជុំវិញបរិវេណនោះផងដែរ។
លោកអភិបាលបានថ្លែងថា នេះជាទីដ្ឋានដែលរដ្ឋបាលរាជធានីភ្នំពេញ បានជួសជុល និងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្ធពិធីថ្វាយព្រះរាជកុសលឧិទ្ទិសដល់ដួងព្រះវិញ្ញាណព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជារៀងរាល់ឆ្នាំ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមានការជួសជុលកែលំអរជាដំណាក់កាល គឺមានជួសជុលដំបូលពិដាន, លាបក្បាច់ពណ៌ទឹកមាសផ្នែកខាងលើព្រះបរមរូប ជួសជុលជើងទម្ររថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ, រៀបចំប្រពន្ធ័បាញ់ទឹកជាថ្មីឡើងវិញ រួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួចដាំជាថ្មីឡើងវិញផងដែរ។
សូមបញ្ជាក់ថា ទីតាំងស្តូបព្រះបរមរូបព្រះរមរតនកោដ្ឋ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយ៍ដ្ឋានដ៏ស្រស់បំព្រង ប្រកបដោយខ្យល់អាកាសបរិសុទ្ធ និងពេញនិយមសំរាប់ភ្ញៀវទេសចរជាតិ អម្តរជាតិ ទៅលំហែរកំសាន្ត និងជាទីពេញនិយមសំរាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខភាពផងដែរ៕