(ភ្នំពេញ)៖ ដោយសារតែការធ្លាក់ចុះយ៉ាងកំហុកនៃភ្ញៀវបរទេស រួមទាំងការផ្ទុះឡើងសារជាថ្មីនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ នៅកម្ពុជា បានធ្វើឲ្យប៉ះពាល់កាន់តែខ្លាំង លើការជួលខុនដូ។
នេះបើតាមការបញ្ជាក់ពីលោក ម៉ាន់ ច័ន្ទឌី ស្ថាបនិកក្រុមហ៊ុន IQI Cambodia Co Ltd ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ។
លោក ម៉ាន់ ច័ន្ទឌី បានថ្លែងឲ្យដឹងថា «ចំពោះការផ្ទុះឡើងនៃព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ យើងពុំទាន់អាចប៉ាន់ស្មានបានពី ការប៉ះពាល់នៃការជួលខុនដូថា មានផលប៉ះពាល់កម្រិតណាទេ ដោយសារតែបច្ចុប្បន្នជំងឺនេះ កំពុងកើតឡើង ប៉ុន្ដែបើនិយាយពីផលប៉ះពាល់នៃការជួលខុនដូ គឺមានកម្រិតប៉ះពាល់ខ្លាំង ព្រោះយើងមិនទាន់បើកទូលំទូលាយ សម្រាប់ការចូលមកវិនិយោគ របស់វិនិយោគិនបរទេសនោះឡើយ»។
លោកបានបញ្ជាក់ថា ប្រសិនបើមានការចូលរួមយ៉ាងសកម្មបន្ថែមទៀត ពីបងប្អូនប្រជាពលរដ្ឋ ក្នុងការបិទបញ្ចប់សហគមន៍២០កុម្ភៈនេះ ហើយប្រសិនបើរាជរដ្ឋាភិបាលពន្លឿន ការចាក់វ៉ាក់សាំង និងអាចបន្ថយការធ្វើចត្តាស័ក នោះវិស័យខុនដូនឹងអាចប្រសើរឡើងជាងនេះ ព្រោះថាថ្មីៗនេះ មានវិនិយោគិនចិនមួយចំនួន បានចូលមកកម្ពុជា តាមរយៈជើងហោះហើរនៅក្រុងព្រះសីហនុ ហើយនេះជាសញ្ញាដ៏ល្អ ក្នុងការងើបឡើងវិញលើវិស័យខុនដូ។
លោក ម៉ាន ច័ន្ទឌី បញ្ជាក់ថា «ជាការពិតវិស័យខុនដូ ពឹងផ្អែកស្ទឺរតែទាំងស្រុង លើវិនិយោគិនបរទេស ដែលវិនិយោគលើវិស័យខុនដូ ដោយសារតែពួកគាត់ទទួលបានសិទ្ធិ គ្រប់គ្រង ដូច្នេះបរទេសភាគច្រើនគឺទិញខុនដូ»។
លោកបានបន្ថែមថា បច្ចុប្បន្ននេះភាពទំនេរនៃទីតាំងខុនដូមានច្រើន ប៉ុន្ដែតម្លៃធ្លាក់ចុះបន្ដិចបន្ដួច ក្នុងកម្រិតចន្លោះ៥-៦ភាគរយប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្ននេះ មានការផ្លាស់ប្ដូររបតនៃ ការជួលខុនដូជាច្រើន ដោយប្ដូរពីការជួលប្រចាំឆ្នាំមកជួលប្រចាំខែ ប្ដូរពីជួលប្រចាំខែមកជួលប្រចាំថ្ងៃវិញ។
លោកបញ្ជាក់ទៀតថា វិស័យខុនដូមិនអាចជាប់គាំងទេ ទោះបីមិនមានវិនិយោគិនបរទេសក៏ដោយ ក្នុងករណីប្រសិនបើវិនិយោគិនប្ដូរយុទ្ធសាស្រ្ដ មកពឹងផ្អែកលើទីផ្សារក្នុងស្រុក ដោយលក់ ឬជួលឲ្យអ្នកក្នុងស្រុក ក្នុងតម្លៃសមរម្យណាមួយ ឬវិធីបង់រំលោះដ៏ល្អមួយ នោះវិស័យខុនដូត្រូវបានយុវជនទិញសម្រាប់រស់នៅ និងត្រូវបានអ្នកវិនិយោគសម័យថ្មី វិនិយោគច្រើនជាមិនខាន។
សូមជម្រាបថា ក្នុងពេលផ្ទុះឡើងនៃសហគមន៍២០កុម្ភៈនេះ និយាយជារួមលើទីផ្សារ អចលនវត្ថុនៅកម្ពុជា មិនបានថមថយឡើយ ប៉ុន្ដែនិយាយដោយផ្នែក មានផ្នែកមួយចំនួនបានថមថយ។ នេះបើតាមការឲ្យដឹងពីលោក ច្រឹក សុខនីម ប្រធានសមាគមនអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា។
លោក ច្រឹក សុខនីម អះអាងថា ទីផ្សារអចលនទ្រព្យនៅតែបន្ដភាពរឹងមាំ ដោយសារតែសកម្មភាពនៃ ការធ្វើការលើវិស័យនេះនៅបន្ដមាន។
លោក ច្រឹក សុខនីម បានឲ្យដឹងថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាព្រឹត្តិការណ៍ថ្មីមួយ ដែលមានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍លើកទី១ និងលើកទី២ ប៉ុន្ដែជាការរំពឹងទុករបស់ខ្ញុំ ព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់ ក្នុងអំឡុងពេល១ខែកន្លះ ឬ២ខែយ៉ាងយូរ។ ងាកមកមើលស្ថានភាពវិស័យអចលនទ្រព្យ បច្ចុប្បន្ននៅតែបន្ដការងាររបស់ខ្លួន ទោះបីជាយើងឃើញថា នៅដើមខែមីនានេះមិនសូវមានពលរដ្ឋ ធ្វើដំណើរចេញក្រៅច្រើន ពិសេសចេញទៅរកមើលទិញ-លក់អចលនទ្រព្យនេះក្ដី»។
លោកបានបន្ថែមថា ទោះបីជាមិនសូវមានសកម្មភាព ចុះមកមើលទិញ-លក់ដូរពិតមែន ប៉ុន្ដែជំនួញនៅតែបន្ដតាមរយៈប្រព័ន្ធអនឡាញ ហើយក៏មានសកម្មភាពចុះមើលដីធ្លី ដើម្បីរកឱកាសវិនិយោគ តាមបណ្ដាជាយក្រុងនៅតែមាន៕