(ភ្នំពេញ)៖ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំពិធីបើកសម្ពោធដាក់ឲ្យដំណើរការ អគារសិក្សាថ្មីសាខាទី១៧ និងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេស ក្រោមធិបបតីភាពលោក ស៊ី លាង អគ្គនាយកនៃសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ព្រមទាំងមានការចូលរួមពីមាតាបិតា អាណាព្យាលសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។
សម្ពោធអគារសិក្សាថ្មី សាខាទី១៧នេះ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងកើតរោងចក្រ៦ជាន់ចម្ងាយ ៣០០ម៉ែត្រ។
លោក ស៊ី លាង បានថ្លែងថា ស្ថិតក្នុងបរិបទសកលភាវូនីយកម្ម ដែលប្រទេសកម្ពុជា កំពុងតែបោះជំហានលើមាគាដ៏ត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ និងមានស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ជាលំដាប់។
លោកបន្ដថា «ដោយទទួលបានការសហការការគាំទ្រខ្ពស់ និងផ្ដល់ជំនឿចិត្ដពីសំណាក់ មាតាបិតារបស់សិស្សានុសិស្ស ផងនោះទើបខ្ញុំសម្រេចចិត្ដបើកនូវសាខាថ្មីនេះ ហើយក្នុងនោះ សាលាយើងខ្ញុំ មានបើកបង្រៀន ចំណេះដឹងទូទៅខ្មែរ ពីថ្នាក់មតេ្ដយ្យ ដល់ថា្នក់ទី១២ ភាសាអង់គ្លេស គ្រប់កម្រិត និងកំព្យូទ័រ គ្រប់ជំនាញ លើសពីនេះ ទៅទៀត សាលាយើងខ្ញុំ ក៏មានបើកបង្រៀន ភាសាអង់គ្លេសវគ្គខ្លី បីខែ អាចនិយាយភាសាអង់គ្លេស បានដែលបង្រៀនដោយលោកគ្រូ អ្នកគ្រូ មានបទពិសោធច្រើនឆ្នាំ និងមានគរុកោសល្យ ច្បាស់លាស់»។
លោកបន្ថែមថា ក្នុងឆ្នាំ២០១៥-២០១៦នេះ សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៦សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧នេះ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យ ក្នុងវិថីមួយនេះ៕