(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងថា ប្រសិនបើមានការហៅទូរស័ព្ទពីក្រៅប្រទេស ដែលមានលេខក្បាល (+370) និង (+381) ខលចូល កុំខលត្រឡប់ទៅវិញ ព្រោះនាំឱ្យខាតបង់ថវិកាពីគណនីទូរស័ព្ទតែប៉ុណ្ណោះ។
ក្នុងសេចក្តីជូនដំណឹងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើន បានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូល ហើយដាក់ចុះវិញភ្លាមៗ។
ស្ថាប័តជំនាញលើបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា តាមការស្រាវជ្រាវបឋម នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរស័ព្ទរបស់ខ្លួនតេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជារួចមកហើយ។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ ហើយទឹកប្រាក់នឹងត្រូវបានកាត់យកពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំប្រជាពលរដ្ឋទាំងអស់ កុំតេទៅលេខក្រៅប្រទេសដែលមិនស្គាល់។ ជាពិសេសប្រសិនបើទទួលបានសារ មានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ សូមកុំធ្វើការឆ្លើយតបព្រោះនេះ គឺជាការបោកបញ្ឆោតរបស់ក្រុមក្រុមជនខិលខូចតែប៉ុណ្ណោះ៕