(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងដាក់កន្លែងត្រួតពិនិត្យសុខភាពបឋម និងស្កេន QR Code «ទប់ស្កាត់កូវីដ-១៩» មួយកន្លែងទៀត នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកក្រឡាញ់ ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ការដាក់ត្រួតពិនិត្យនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែមីនា បានបញ្ជាក់ថា ការត្រួតពិនិត្យសុខភាពសម្រាប់អ្នកធ្វើដំណើរចូលខេត្តសៀមរាបនេះ ក្នុងគោលបំណងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងខេត្តសៀមរាបនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានដាក់កន្លែងត្រួតពិនិត្យសុខភាពបឋម និងស្កេ QR Code នៅស្រុកជីក្រែង ព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ៕