(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ក្នុងក្រុងសួង។
នាឱកាសនោះមានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការ និងក្រុមការងារសាខាកាកបាទក្រហមខេត្ត-ក្រុង ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលករ ទាំងអស់ដោយក្តីនឹករលឹកបំផុត។
លោកបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានគូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៍ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃ បើមិនមានវិជ្ជមានជំងឺកូវីដទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន ដោយបន្តអនុវត្តន៍តាមវិធានការការនានា ពិសេស «៣កុំ ៣ការពារ»។
បន្ថែមពីនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនៅកម្ពុជា។
សូមជម្រាបថា នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោ ហ៊ុន សែន ក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួន៕