(ភ្នំពេញ)៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា UNDP បានប្រកាសនាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក ខ្លួនបានគាំទ្រដល់ក្រសួង សុខាភិបាលកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន៦០គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន៥០គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ។
ដំណឹងនៃការបង្កើនចំនួនឡានពេទ្យសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងបរិក្ខារពេទ្យបន្ទាន់ជាច្រើននេះ ត្រូវបានធ្វើឡើង ខណៈដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។
តាម Facebook ផ្លូវការរបស់ UNDP បានឱ្យដឹងថា «ក្រោមកិច្ចសហការជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ»។
គួរជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៥៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជំងឺទាំង៣៦នាក់នោះរួមមាន៖ ម្នាក់ជាស្ត្រីជនជាតិហ្វីលីពីន បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ និង៣៥នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលមានជនជាតិខ្មែរចំនួន ២៣នាក់, ជនជាតិវៀតណាមចំនួន ៩នាក់, ជនជាតិចិន២នាក់ និងជនជាតិអាមេរិកម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ចំណែកអ្នកជាសះស្បើយទាំង៥៨នាក់វិញ រួមមាន៖ ជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៉ី ចំនួន៤នាក់ ដែលជាអ្នកដំណើរមកពីក្រៅប្រទេស និង៥៤នាក់ ជាអ្នកជំងឺឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ ចំនួន១២នាក់, ជនជាតិចិនចំនួន ៣៥នាក់, ជនជាតិវៀតណាម ៥នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិឥណ្ឌូនេស៉ីម្នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៨៩៨នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕