(ស្វាយរៀង)៖ ស្ត្រីជនជាតិវៀតណាម២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានអាជ្ញាធរ នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយហើយ និងកំពុងបន្តឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត ទើបប្រគល់ឲ្យសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការបន្ត។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ស្ត្រីជនជាតិវៀតណាមទាំងពីរនាក់នេះត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ តាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ ហើយមន្ត្រីជំនាញបានបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្ថែមទៀត ទើបបន្តទៅឲ្យប៉ូលីសអន្តោប្រវេសន៍ដើម្បីធ្វើការតាមនីតិច្បាប់ ទៅលើស្ត្រីទាំងពីរនាក់នេះ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ២៧ឆ្នាំ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ) បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ីម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងចេញ ទៅប្រទេសវៀតណាម។
ដោយសារមានឯកសារមិនគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែននិងបានឲ្យត្រឡប់ មកក្រោយវិញ។
ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្លួនស្របតាមវិធានការសុខាភិបាល ព្រមទាំងបាន យកសំណាកទៅធ្វើតេស្តលើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលតេស្តដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា ស្ត្រីទាំងពីរនាក់ខាងលើមានវិជ្ជមានជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តបានចាត់ចែងបញ្ជូនអ្នកជំងឺទាំង២នាក់ខាងលើ ទៅសម្រាកព្យាបាល និងដាក់ឲ្យនៅដាច់ ដោយឡែកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ៕