(កំពង់ឆ្នាំង)៖ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានពលករចំនួន ៥៦នាក់ បានត្រឡប់មកពីប្រទេសថៃ ដោយលោកបានចែកតាមមណ្ឌលធ្វើចិត្តាឡីស័កចំនួន៣មណ្ឌល គឺមណ្ឌលចត្តាឡីស័កកំពង់ត្រឡាច ២៤នាក់ មណ្ឌលទឹកហូត ២០នាក់ និងមណ្ឌលស្រុកបរិបូណ៌ ១២នាក់។

លោកបានឱ្យដឹងថា បច្ចុប្បន្នពលករដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលទាំង៤ ក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន ២១៣នាក់ ប្រុស ១៣៣នាក់ ស្រី៧៩នាក់។

លោកបន្តថា ដោយឡែកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងរូបលោកបានចុះទៅពិនិត្យមណ្ឌលចត្តាឡីស័កចំនួន២ គឺមណ្ឌលចិត្តាឡីស័កទឹកហូត និងមណ្ឌល កំពង់ត្រឡាច ពិនិត្យនិងធ្វើការសម្របសម្រួលដើម្បីពង្រីកទីតាំងបន្ថែមទៀត បង្កការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលទាំងអស់ខាងលើនេះឱ្យបានសមរម្យ។

ក្នុងនោះដែរ លោកក៏បាននាំយកទឹកសុទ្ធចំនួន៥០យួរ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលទាំងពីរខាងលើនេះផងដែរ។ ដោយឡែក នៅមណ្ឌលកំពង់ត្រឡាច លោកបានឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល ដើម្បីចាត់ចែងការហូបចុកឱ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលនោះផងដែរ៕