(សៀមរាប)៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអធិការស្រុកជីក្រែងខេត្តសៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឃាត់រថយន្តក្រុង៤៥កៅអីមួយគ្រឿង លួចដឹកឈើខុសច្បាប់ ស្ថិតនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប
រថយន្តខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ទេពសុខា លួចដឹកឈើចេញពីច្រកអូរស្មាច់ឆ្លងកាត់ខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ។
ក្រោយការឆែកឆេរ កម្លាំងសមត្ថកិច្ចបានរកឃើញក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃមួយចំនួនដូចជា គ្រឿងទ្វារ៣០ ដែលជាឈើគគីរ កូនក្រឡឹង ៧០ដុំ ជាឈើសុក្រម និងស្នួរ ១០ដើម។ វត្ថុតាងទាំងនេះ ត្រូវបានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែង ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់ជាធរមាន នៅវេលាម៉ោង៥រសៀល ថ្ងៃដដែល។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម ប្រាប់ថា បច្ចុប្បន្នកម្លាំងរបស់លោកកំពុងធ្វើកំណត់ហេតុ និងទុកពេលសម្រាប់ម្ចាស់រថយន្តរកភាពត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃឈើទាំងនោះ។
លោកនិយាយយ៉ាងដូច្នេះថា៖ «ឈើទាំងនោះវាពាក់កណ្ដាលសម្រេច ហើយបើសិប្បកម្មដែលគាត់ទិញនោះមានច្បាប់ ឈើនោះមានច្បាប់ដែរ ខាងយើងអត់ពិន័យទេ។ តែបើគ្មានយើងពិន័យតាមមាត្រា៩៦ គឺពិន័យអន្ដរកាល បន្ទាប់មកប្រគល់រថយន្តនោះទៅម្ចាស់វិញ តែវត្ថុតាងត្រូវដកហូតទុកជាសម្បត្តិរដ្ឋ»៕