(រតនគិរី)៖ មន្ទីរសុខាភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតបំភ្លឺព័ត៌មាន ដោយបង្ហាញការសោកស្តាយចំពោះទង្វើផ្ទាល់របស់សាម៉ីខ្លួនអ្នកបើករថយន្តពេទ្យ ដែលបានប្រព្រឹត្តខុសឆ្គងទៅនឹង វិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព ចំពោះករណីនេះមន្ទីរសុខាភិបាលបាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាលស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ។

សពនារីរងគ្រោះ មានឈ្មោះ គ្វីម ម៉ក់ អាយុ៣១ឆ្នាំ នៅភូមិប៉ាកណាម ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ត្រូវបានរថយន្តសាមួយរបស់មន្ទីរសុខាភិបាលដឹក តែមិនបានបញ្ជូនមកដល់លំនៅដ្ឋាននៃសពនោះទេ គឺមកដល់ចំណុច ក្បែរស្ពានអូរលីង ស្ថិតនៅភូមិឃួនឃុំកោះពាក្យ ស្រុកវ៉ឺនសៃ អ្នកបើករថយន្តពេទ្យនោះបានសម្រេចចិត្តដាក់សពចុះដោយឯកឯង ហើយសពស្ត្រីនោះត្រូវបានក្រុមគ្រួសារដឹកបន្តតាមម៉ូតូ ទៅលំនៅដ្ឋានរបស់ខ្លួន។

បើតាមលិខិតបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនានេះ បានបំភ្លឺយ៉ាងដូច្នេះថា៖ «សូមធ្វើការបំភ្លឺព័ត៌មានជូនសាធារណជន, អ្នកសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ឱ្យបានជ្រាបថាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឱ្យរថយន្តពេទ្យម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ១២-២-០១២៩ បើកបរដោយឈ្មោះ អ៊ិន ប៊ុនឡេង បានដឹកសពស្ត្រីម្នាក់ឈ្មោះ គ្វីន ម៉ក់ អាយុ៣១ឆ្នាំ មានទីលំនៅភូមិប៉ាកណាម ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី»។

លិខិតបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីខាងលើនេះវាជាទង្វើផ្ទាល់របស់សាម៉ីខ្លួនអ្នកបើករថយន្តពេទ្ យដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការ ណែនាំរបស់អង្គភាព, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើង មន្ទីរសុខាភិបាលបាននិងកំពុងរៀបចំដាក់ទណ្ឌកម្ម វិន័យតាមនីតិវិធីរដ្ឋបាលស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ»

ខាងក្រោមនេះជាសេចក្តីបំភ្លឺ របស់មន្ទីរសុខាភិបាលខេត្តរតនគិរី៖