(កំពង់ឆ្នាំង)៖ ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបឧប្បត្តិហេតុផ្សេងៗ ជាពិសេសកំពុងជួបប្រទះការលំបាកក្នុងកំឡុងពេលជំងឺកូវីដ១៩ ព្រះគ្រូចៅ អធិការ វត្តចំនួន ៥អង្គ នៅក្នុងស្រុករលាប្អៀរ ដែលដឹកនាំដោយព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាព្រះអនុគណស្រុករលាប្អៀរ និងជាព្រះចៅអធិការវត្តព្រះវិហារហ្លួង នាព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ចុះប្រគល់ជូនគ្រួសារស្ត្រីមេម៉ាមួយគ្រួសារ ត្រូវភ្លើងឆេះផ្ទះ នៅខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនេះក៏មានការនិមន្តអមដោយ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសង្ឃនាយស ជាព្រះចៅអធិការវត្តសម្ដេចនន្ទង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់, ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្តបល្ល័ង្ក ,ព្រះគ្រូសិរីធម្មវង្សា សេង ដា ព្រះចៅអធិការវត្តធម្មរតនសោភា-ទ្រា, ព្រះគ្រូសីលឧត្តមវង្សា សុត សុឡាង ព្រះចៅអធិការវត្តក្រាំងលាវ និងមានការចូលរូមពីលោក ពុត សូរ អតីតមេភូមិត្រពាំងអំពិល ឃុំប្រស្នឹបផងដែរ។
មានសង្ឃដិកានាឱកាសនោះ ព្រះមេតិសត្ថា វង្ស កុសល បានផ្តាំផ្ញើឱ្យគ្រួសាររងគ្រោះខិតខំថែទាំសុខភាពឱ្យបានល្អ បង្កើនមុខរបរប្រចាំថ្ងៃឡើងវិញ អប់រំកូនចៅឱ្យខិតខំ រៀនសូត្រ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។
សូមបញ្ជាក់ថា ជនរងគ្រោះដោយភ្លើងឆេះផ្ទះនេះជាស្ត្រីមេម៉ាយមានឈ្មោះ ជា សុបិន្ត អាយុ ៤២ឆ្នាំ មានសមាជិកក្នុងបន្ទុក៧នាក់ រស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទទួលបានទេយ្យទានរួមមាន៖ អង្ករ ១០០គីឡូ មី៣កេស ទឹកក្រូច ៣កេស បាឡុង១ បច្ច័យចំនួន ៤០០,០០០រៀល។ ត្រូវភ្លើង ឆេះផ្ទះកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ៕