(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥ គោលដៅ នៅ រាជធានីភ្នំពេញ និង២ទីតាំង នៅជាយរាជធានីភ្នំពេញ ក្រៅពីនោះ ក៏មានការពង្រឹង នៅតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។
លោកឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់នេះថាប៉ុស្តិ៍ត្រួតពិនិត្យ៥ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ មានដូចជា ខណ្ឌសែន សុខ ខណ្ឌ ចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ។ចំនែក នៅតំបន់ជាយក្រុង កម្លាំងសមត្ថកិច្ច នឹងត្រួតពិនិត្យ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ៥។
ក្រៅពីនោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដោយដាក់ពង្រាយ តាមគោលដៅផ្សេងៗគ្នា ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង។ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕