(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ទ្វាររបស់ក្រសួងបរិស្ថានបើកចំហរជានិច្ច ហើយក្រសួងរីករាយស្វាគមន៍នូវរាល់ការចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានានៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ មានភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការ។

ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងបន្ទាប់ពី ក្នុងរយៈពេលជិតមួយខែមកនេះក្រុមអង្គការជាតិ និងអន្តរជាតិ បានចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍ និងបាននិងកំពុងធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យបណ្តាញសហគមន៍ព្រៃឡង់ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចូលធ្វើសកម្មភាពនៅក្នុងតំបន់ការពារធម្មជាតិដោយសេរីដោយមិនចាំបាច់មានការអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថាអ្វីដែលសមាគមនិងអង្គការមិនមែនរដ្ឋបានភិបាលកំពុងទាមទារនេះ គឺពួកគេព្យាយាមចង់បានសេរីភាព និងប្រជាធិបតេយ្យមួយបែប អនាធិបតេយ្យតែប៉ុណ្ណោះ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានចោទសួរថា សមាគម និងអង្គការមិនមែន រដ្ឋាភិបាលដែលកំពុងតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងខ្លះតាំងខ្លួនជាជើងឯកផ្នែកបរិស្ថាននិងព្រៃឈើ ចង់បានច្បាប់សម្រាប់ការអនុវត្តរួមមួយ ប៉ុន្តែទីបំផុត មិនអនុវត្តទៅតាមច្បាប់ ដែលមានជាធរមាន។

លោករដ្ឋលេខាបានលើកឡើងថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីចូលរួមសកម្មភាពក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ គឺចាំបាច់ទាំងសហគមន៍តំបន់ការពារ ធម្មជាតិ និងរូបវ័ន្តបុគ្គល ឬនីតិបុគ្គលត្រូវមានកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានជាមុនសិន មិនមែនចង់ធ្វើ អ្វីស្រេចតែអំពើចិត្តនោះទេ។

លោករដ្ឋលេខាធិការបានថ្លែងថា ការធ្វើយុទ្ធនាជាបន្តបន្ទាប់របស់ក្រុមប្រឆាំងជ្រុលនិយមរួមនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅពេលដែលកម្ពុជា និងពិភពលោកកំពុងតែជួបនឹងនៃការឆ្លងជំងឺកូវីដ-១៩ គឺជាការអនុវត្តផែនការចាស់ ក្នុងចេតនាទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ និងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ និងគោលដៅចុងក្រោយព្យាយាមក្នុងការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជាប៉ុណ្ណោះ។

លោកថ្លែងថាពួកគេមិនអនុវត្តតាមច្បាប់ សមាគម និងអង្គការក្រៅ រដ្ឋាភិបាលដែលបាននឹងកំពុងធ្វើសកម្មភាពបច្ចុប្បន្នខ្លះមិនបានចុះបញ្ជីត្រឹមត្រូវ ធ្វើសកម្មភាពមិនស្របច្បាប់ ដើម្បីបង្កើតមុខរបរសម្រាប់ក្រុម និងបក្ខពួកខ្លួន បែរជាមកតាំងខ្លួនជាអ្នកការពារព្រៃឈើទៅវិញ។

លោកមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានចោទសួរថា ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែទាមទារឱ្យមានការគោរពច្បាប់ឱ្យបានពេញលេញ ប៉ុន្តែសង្គមស៊ីវិលទាំងនោះត្រូវចោទសួរខ្លួនឯងថា តើពួកគេបានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរ ឬទេ ហើយតើពួកគេទទួលបានថវិកាពីណាមកធ្វើសកម្មភាព? ត្រង់ចំណុចនេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសម្ចាស់ជំនួយមួយចំនួនគួរធ្វើការងារ និងគាំទ្រចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលគោរពច្បាប់ត្រឹមត្រូវ និងមានរបៀបវារៈច្បាស់លាស់ក្នុងការជួយលើវិស័យបរិស្ថាន និងធនធានធម្មជាតិ នោះទើបជាការជួយវិស័យនេះពិតប្រាកដ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា៖ «ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ ប្រកបដោយការទទួលខុសត្រូវ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាពិតប្រាកដ និងដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»

រដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងសហការយ៉ាងជិតស្និទជាមួយអង្គការដៃគូ ដូចជាគម្រោងព្រៃឡង់បៃតងរបស់ USAID និងអង្គការដៃគូផ្សេងទៀតរួមនឹងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិដើម្បីចុះល្បា ត និងបង្ក្រាបបទល្មើសធនធានធម្មជាតិជារៀង រាល់ថ្ងៃ។ ពួកគេបានផ្តល់កិច្ចសហការល្អ និងប្រកបដោយភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សព្រៃឈើពិតប្រាកដ មិនដូចក្រុមសមាគម និងអង្គការសង្គមស៊ីវិលខ្លះបង្កប់ដោយរបៀនវារៈ នយោបាយទុច្ចរិត ពោរពេញដោយគំនុំគុំគួន ជ្រកក្រោមស្លាកអ្នកស្រឡាញ់ព្រៃឈើឡើយ។

ទន្ទឹមនឹងនេះដែរ លោកសម្តែងការសោកស្តាយដែលក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបាននឹងកំពុងចាញ់ក្នុងឧបាយកលនៃម្ចាស់ជំនួយរបស់ខ្លួន និងធ្វើសកម្មភាពប្រឆាំងនឹងជាតិខ្លួនឯង និង មើលឃើញជាតិក្នុងផ្លូវអវិជ្ជមានជានិច្ច។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ក្រសួងបរិស្ថានសូមគូសបញ្ជាក់សាជាថ្មីពីការពង្រឹងការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះបទល្មើសទាំងឡាយដែលកើតក្នុងតំបន់ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខច្បាប់ជាធរមាន ទោះអ្នកនោះជាអ្នកកាប់បំផ្លាញឈើ ទន្ទ្រានដី បរបាញ់សត្វ ឬក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកការពារព្រៃឈើក៏ដោយ ឱ្យតែប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពដោយរំលោភបំពានច្បាប់ ធ្វើសកម្មភាពដោយគ្មានចុះកិច្ចព្រមព្រៀងស្តីពី ការចូលរួមគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរវាងរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន ដែលបានកំណត់នៅក្នុងច្បាប់ស្តីពី តំបន់ការពារធម្មជាតិដែលមានជាធរមាន។ ប្រសិនបើបន្តប្រព្រឹត្តល្មើសនោះក្រសួងបរិស្ថានគ្មាន ជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់ដែលមានជាធរមាននោះឡើយ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ ឬក្រុមណាមួយឡើយ ប៉ុន្តែជាការពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ហើយក្រុមអង្គការសង្គមស៊ីវិលគួរលើកតម្កើងការអនុវត្តច្បាប់ជាជាងប្រើការតស៊ូមតិក្លែងក្លាយ និងយកបញ្ហាបរិស្ថាន និងធនធានធម្មជាតិមកធ្វើអាជីវកម្មនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយខ្លួន។ កម្ពុជាគោរព សិទ្ធិមនុស្ស និងមានលំហសេរីភាព និងប្រជាធិបតេយ្យពេញលេញស្ថិតក្រោមដំបូលច្បាប់ តែមិនមែនជាសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចង់បានឡើយ៕