(សៀមរាប)៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានបើកការជួសជុល ថែទាំស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងកិច្ចការជួសជុល ក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃជាដើម។ ស្ពានបណ្តែតទឹកនេះ មានទទឹង ៨ ម៉ែត្រ និងបណ្តោយ ១៧០ ម៉ែត្រ។
សូមជម្រាបថា ស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្តខាងលើនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវបានបើកឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ហើយរហូតមកដល់ពេលបច្ចុប្បន្ន គឺមានរយៈពេលប្រមាណជិត ៤ ឆ្នាំមកហើយ៕