(ព្រះវិហារ)៖ សាលាពុទ្ធិកបឋមសិក្សាទ្រីសទ្ធារាម ដែលស្ថិតក្នុងវត្តទ្រីសុទ្ធរាម ហៅវត្តសង្កែពីរ ក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានទំហំ ៩ម៉ែត្រគុណ១៨ម៉ែត្រ មាន៣បន្ទប់ គ្រោងនឹងចាប់ផ្តើមកសាងហើយ ដោយមានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីសង្ឃល្បីៗ ព្រមទាំងសប្បុរសជនក្នុង និងក្រៅស្រុក បានចូលរួមបច្ច័យកសាងជាបណ្តើៗផងដែរ។
ព្រះអង្គ ឡុង សុមុនី បានមានសង្ឃដីការនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា អគារសាលាពុទ្ធកបឋមសិក្សាទ្រីសទ្ធរាមនេះ គ្រោងចំណាយបច្ច័យសាងសង់ សរុបចំនួន ៥៥,០០០ដុល្លារ ដែលដឹកនាំកសាងដោយព្រះអង្គផ្ទាល់ ដោយមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ព្រះអង្គទទួលបានបច្ច័យជិត១ម៉ឺនដុល្លារហើយ ពីសប្បុរសជនក្នុង និងក្រៅប្រទេស។
ព្រះគ្រូមង្គលមុនីវង្សាចារ្យ ឡុង សុមុនី មានសង្ឃដិការបញ្ជាក់ទៀតថា ដើម្បីចូលរួមចំណែកកសាងវិស័យព្រះពុទ្ធសាសនា នៅតំបន់ដាច់ស្រយាលឱ្យមានវិសាលភាព និងវឌ្ឍនៈភាព ពុទ្ធិកសិក្សា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បណ្ដុះធនធានបញ្ញាវន្តសង្ឃ ការចូលរួមបរិច្ចាគធនធានពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពិតជាមានតម្លៃកាត់ថ្លៃមិនបាន ដើម្បីព្រះអង្គមានឆន្ទះខ្ពស់ និងប្ដេជ្ញាចិត្តដឹកនាំព្រះពុទ្ធសាសនាក្នុងមូលដ្ឋានឃុំសង្កែពីរ។
ជាមួយគ្នានេះដែរប្រសិនបើពុទ្ធបរិស័ទមានបំណងចង់ឧបត្ថម្ភ កសាងសូមធ្វើការទាក់ទងមកព្រះចៅអធិការវត្តផ្ទាល់ តាមរយទូរសព្ទលេខ 078 857 773 ឫអាចផ្ញើបច្ច័យចូលរួមតាមគណនី ABA: 000 163 315 , សេវាទាន់ចិត្ត: 078 857 773, Wing វេរលុយ: 035 22 817។
សូមបញ្ជាក់ថា វត្តទ្រីសទ្ធរាម ហៅវត្តសង្កែពីរ គឺផ្តួចផ្តើមកសាងឡើងដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងក្រុមគ្រួសារ ក្នុងនោះមានការចូលរួមបច្ច័យកសាងពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះវិហារ និងសប្បុរសជនក្នុង និងក្រៅស្រុកផងដែរ។ រហូតមកដល់ថ្ងៃនេះ វត្តទ្រីសុទ្ធរាម បានកសាងឡើងនូវសមិទ្ធិលជាច្រើនផងដែររួមាន៖ សាលាធម្មសភា ស្រះទឹក និងការដាំដើមឈើប្រណិតជាច្រើនដើម ក្នុងបរិវេណវត្តផងដែរ៕