(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានថា នៅភូមិគោកឃ្លៀង និងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី មានអំពើចោរកម្មស្ទើរជារៀងរាល់យប់នោះ នៅយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ លោក លី សាវេត អភិបាលខណ្ឌ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានដឹកនាំមន្រ្តី និងកម្លាំងសមត្ថកិច្ច ចុះទៅជួបជាមួយប្រជាពលរដ្ឋទាំងយប់ ដើម្បីសួរព័ត៌មានបន្ថែម និងមានវិធានការណ៍ជាបន្ទាន់។

លោក លី សាវេត បានប្រាប់ Fresh News ថា «ក្រោយការសួរនាំប្រជាពលរដ្ឋជាច្រើននាក់ យើងទទួលស្គាល់ថា ពួកគាត់លើកឡើងពីអំពើចោរ​កម្មដែលកើត​មានឡើងនៅក្នុងភូមិ ប៉ុន្តែចំពោះ​ករណីទាំងនេះ ខ្ញុំនឹងធ្វើវេទិការសាធារណ: នៅថ្ងៃស្អែក ដើម្បីស្តាប់នូវការ​លើកឡើងផ្សេងៗ​បន្ថែមទៀត»

យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌ បានបង្ហាញការសោក​ស្តាយយ៉ាង​ខ្លាំង ចំពោះបទ​ល្មើសទាំងនេះ​ ដែល​បានកើតឡើង​ចំពោះ​ប្រជាពលរដ្ឋ ខណ:​ដែល​ប្រព័ន្ធផ្លូវ និងលូ ព្រមទាំងសម្មិទ្ធផល​ជាច្រើន​ត្រូវបាន​អាជ្ញាធរកសាង​បានជាច្រើន។

សម្រាប់ករណីនេះ លោក លី សាវេត បានអំពាវ​នាវ​ឲ្យប្រជាពលរដ្ឋ​មានភាពស្ងប់​ស្ងៀម​ដើម្បី​ទុកឲ្យអាជ្ញាធរ និងសមត្ថកិច្ច​ធ្វើការដោះ​ស្រាយជូន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិគោកឃ្លៀង និងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្ហាញការអស់ជំនឿទាំងស្រុងទៅលើក្រុមសមត្ថកិច្ច និងអាជ្ញាធរ ដែលគ្មានវិធានការណ៍​ចំពោះការទប់ស្កាត់ អំពើចោរកម្ម ដែលកំពុងកើតមានឡើង​ពេញបន្ទុកនៅក្នុង​មូលដ្ឋាន​ដែលបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ​ស្ទើរជារៀងរាល់​យប់ដូចជា លួចម៉ូតូ លួចធុង​ទឹកកក លួចរឺម៉ក់ លួចកង់ លួចកៅអី និងគាស់ផ្ទះជាដើម។

អំពើចោរកម្មបែបនេះ បានបង្ខំឲ្យប្រជាពលរដ្ឋដាក់វេណ​ប្រចាំការយាមផ្ទះរបស់ខ្លួន​តាំងពីក្បាលព្រលប់ រហូតទល់ភ្លឺ ពីព្រោះខ្លាចក្រុមចោរទាំងនេះចូលធ្វើសកម្មភាព​លួចទ្រព្យសម្បត្តិរបស់ពួកគេ។

បើតាមប្រជាពលរដ្ឋ អំពើចោរកម្មដែលគ្មានការទប់ស្កាត់គ្មានប្រសិទ្ធភាពនេះ បានកើតឡើង មុនមួយថ្ងៃនៃ​បុណ្យចូលឆ្នាំចិន​មកម្ល៉េះ រហូតមកដល់ពេលនេះ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ចឺត (ឈ្មោះ ហៅក្រៅ) បានស្នើសុំមកអង្គភាព Fresh News ចុះផ្សាយរឿងនេះដើម្បីដឹងដល់ថ្នាក់ដឹកនាំនោះ បានរៀបរាប់ថា "ឥឡូវនេះពួកយើងរវល់តែការពារទ្រព្យសម្បត្តិរបស់យើងទៅវិញ នៅពេលយប់ឡើង ពីព្រោះចោរលួច​ខ្លាំងពេក តែសមត្ថកិច្ច ហាក់បីដូចជា​គ្មានការទប់ស្តាល់នោះឡើយ ដូចករណីយប់មិញ នៅពេលប្រជាពលរដ្ឋ​តេហៅមកជួយអន្តរាគមន៍ នៅពេលមានចោរចង់​កាប់ប្រជាពលរដ្ឋ ស្រាប់តែ​អាវុធហត្ថ មកដល់ពួកគេមកសួរយើងថា មានកាន់ដំបងហ្នឹង​ចង់វាយសម្លាប់គេរឺមួយយ៉ាងណា?

បើតាមប្រជាពលរដ្ឋ ក្រុមចោរទាំងនេះមានមេក្លោងធំៗ ៤នាក់រួមមាន ឈ្មោះ អាត្នោត ឈ្មោះ អាមូស ឈ្មោះ អាវណ្ណា និងឈ្មោះ អាធួន ដែលរស់នៅម្តុំចេតីយ៍៨ខ្នង គឺលើប្រឡាយតែម្តង ហើយពួក​នេះមាន​កូនចៅមួយចំនួនទៀត សម្រាប់ដើរធ្វើសកម្មភាព ដោយយប់ឡើងជួបជុំគ្នានៅលើស្ពានលូប្រឡាយបង្ហូរទឹក និងនៅក្នុងបន្ទប់ជួលតែម្តង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិត ដំបង និងដុុថ្មជាដើម។

ប្រជាពលរដ្ឋបានលើកឡើងថា បើសិនគ្មានការទប់ស្តាត់ឲ្យទាន់ពេលវេលានោះទេ តំបន់ដែលពួកគាត់រស់នៅនឹងក្លាយជាបឹងឈូកទី២ ជាក់ជាមិនខាន ។ កន្លងមកប្រជាពលរដ្ឋបាន​ដាក់ពាក្យបណ្តឹង ទៅកាន់ប៉ុស្តិ៍នគរបាល ទៅសង្កាត់ ប៉ុន្តែរហូតមកដល់ពេលនេះ​នៅតែគ្មានប្រសិទ្ធភាព ហើយអាជ្ញាធរ​មិនដែលចុះមកធ្វើរដ្ឋ​បាលនោះឡើយ៕