(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ នៅក្នុងក្លឹបហាត់ប្រាណហ្វ៊ីតហ្សូន (Fit-Zone) ស្ថិតនៅលើផ្លូវលេខ៤៥០ បឹងត្របែក។
ក្នុងសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានអំពាវនាវដល់ជនចេញចូលក្នុងក្លឹបចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ហើយមានលេចចេញរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ អញ្ជើញទៅធ្វើតេស្តរករោគសញ្ញានៅតាមមន្ទីរពេទ្យដែលបានកំណត់។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក៏បានអំពាវនាវដល់អ្នកដែលមិនមានចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក (ដាក់ខ្លួនដាច់ដោយឡែក) នៅក្នុងផ្ទះ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។
ក្រសួងទេសចរណ៍ បានប្រកាសឱ្យអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាព ផ្អាកសកម្មភាពតាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍២០កុម្ភៈ។
តែក្លឹបហាត់ប្រាណហ្វ៊ីតហ្សូន មិនបានគោរពតាមសេចក្តីជូនដំណឹង ហើយបន្តបើកដំណើររហូតនាំដល់ការផ្ទុះជំងឺកូវីដ១៩។
ច្បាប់ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានចែងថា បុគ្គលដែលមិនអនុវត្តតាមវិធានសុខាភិបាល វិធានការដ្ឋបាល ឬវិធានការផ្សេងទៀត ដែលត្រូវបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ។
ទណ្ឌកម្មរដ្ឋបាលរួមមាន៖ ការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងបិទអាជីវកម្ម។
ទណ្ឌកម្មព្រហ្មទណ្ឌរួមមាន៖ ពិន័យអន្តរការណ៍, ពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ៕