(សៀមរាប)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកក្រឡាញ់បានអនុញ្ញាតឱ្យពលករមកពីថៃចំនួន ២៨នាក់ទៀត ក្នុងនោះមានស្រី ១០នាក់ វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ក្រោយពួកគេបានបញ្ចប់ការធ្វើចត្តាឡីស័កនៅមណ្ឌលចត្ដាឡីស័កវិទ្យាល័យក្រឡាញ់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ និងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដាំផ្ញើនូវការថែទាំសុខភាពមួយចំនួនជាមួយពលរដ្ឋដែលបញ្ចប់ការធ្វើការចត្តាឡីស័កនេះ។
ក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលសហការល្អជាមួយអាជ្ញាធរដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក្នុងការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ និងដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
លោកស្រីអភិបាលស្រុក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យត្រឡប់ទៅផ្ទះវិញ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យឆ្លងជំងឺកូវីដ១៩ និងត្រូវជួយការពារកុំឱ្យជំងឺនេះឆ្លងចូលសហគមន៍ដែលខ្លួនកំពុងរស់នៅ ដោយអនុវត្តតាមវិធានសំខាន់ៗទាំងឡាយរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធរ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ»។
គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែមីនានេះ ពលករដែលវិលត្រឡប់មកពីប្រទេសថៃចូលមកស្រុកក្រឡាញ់មានចំនួន ៥៣៥នាក់ ស្រី ២០៩នាក់ និងបានបញ្ចប់ចត្ដាឡីស័កចំនួន ៣៧នាក់។ ក្រៅពីនេះនៅមានពលករសរុប ៣៤១នាក់ទៀត កំពុងបន្តធ្វើចត្ដាឡីស័កនៅតាមមណ្ឌលចំនួន២ រួមមាន៖ មណ្ឌលចត្ដឡីស័កក្រឡាញ់ចំនួន ២៧០នាក់ និងមណ្ឌលចតា្ដឡីស័កសែនសុខចំនួន ៧១នាក់៕