(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយ ខណ្ឌឫស្សីកែវ អញ្ជើញប្រគល់ អង្ករ ម៉ាស អាល់កុល និងថវិកាមួយចំនួន ដល់សង្កាត់នានានៅខណ្ឌឫស្សីកែវ។

អំណោយដែលផ្តល់ជូននាពេលនេះ មានអង្ករសរុប១១តោន ជាអំណោយរបស់លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ម៉ាសចំនួន៤ម៉ឺន និងថវិកា៤លានរៀល ជាអំណោយរបស់ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់។

ពិធីប្រគល់ប្រព្រឹត្តិនៅមណ្ឌលម៉ូឌែល៥ ដែលអំណោយនេះសម្រាប់ជូន ទៅសង្កាត់នីមួយៗដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលមានផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួម ដោះស្រាយទុក្ខលំបាក ក្នុងគ្រានៃវិបត្តិរីកដុះដាលរបស់វីរុសកូវីដ-១៩ ក្នុងសហគមន៍។

អង្ករទាំង១១តោន និងម៉ាស់ចំនួន៤ម៉ឺនម៉ាស់ ខាងលើត្រូវបានប្រគល់ជូនសង្កាត់ទាំង៧ ក្នុងសង្កាត់នីមួយៗ ទទួលបានអង្ករ១តោន ម៉ាស៥០០០ ទឹកអាកុល៣០លីត្រ សាលាខណ្ឌឫស្សីកែវ ទទួលបានអង្ករចំនួន២តោន ម៉ាស់ចំនួន៥០០០ម៉ាស់ និងថវិកាចំនួន៤លានរៀល សម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ ទទួលបានអង្ករ១តោន និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា ទទួលបាននូវអង្ករចំនួន១តោន ផងដែរ៕