(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរអគ្គិសនីខេត្តសៀមរាប និងតំណាងស្នងការនគរបាលខេត្ត បានចុះសួរសុខទុក្ខ និងផ្ដល់ថវិកាលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចដែលបានស្រាវជ្រាវឈានដល់ការបង្ក្រាបជនសង្ស័យលួចកាត់ខ្សែភ្លើងម្នាក់។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ដែលបានផ្ដល់ថវិកាដល់កងកម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង ជាការលើកទឹកចិត្តចំពោះកិច្ចប្រឹងប្រែងបង្ក្រាបចោរលួចកាត់ខ្សែភ្លើងបានសម្រេច។
លោកបន្តថា ថវិកាដែលសប្បុរសជនឧបត្ថម្ភនេះ លោកបានប្រគល់ជូនអង្គភាពនិមួយៗរួចរាល់ហើយ។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋានខេត្តសៀមរាប ដែលបានចុះលើកទឹកចិត្តដល់កងកម្លាំងដោយផ្ទាល់ផងដែរ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃនេះលោកមកក្នុងនាមតំណាងរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដើម្បីណែនាំពង្រឹង និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលនៅស្រុកប្រាសាទបាគងបន្ថែម។
លោកបន្តថា នៅក្នុងករណីនេះ លោកសូមកោតសសើរដល់កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគងដែលបានសហការគ្នាបង្ក្រាបករណីចោរលួចខ្សែភ្លើងបានដោយជោគជ័យ។ លោក ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរអគ្គិសនីខេត្តសៀមរាបដែលបានគាំទ្ រនិងផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលស្រុកប្រាសាទបាគងផងដែរ៕