(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានសម្រេចអនុម័តលើសេចក្តីសម្រេច ស្តីអំពីការកែលម្អប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន ដោយក្រោមសំឡេងឆ្នោតខ្ពស់បំផុត (ទទួលបាន២៨៩៥សំឡេងគាំទ្រ, ១សំឡេងបានបោះបង់សិទ្ធិ) បានរៀបចំប្រព័ន្ធថ្មីសម្រាប់ការកែលម្អប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង។

នេះគឺជាវិធានការណ៍ដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាលមជ្ឈិមចិន ក្នុងការកែលម្អច្បាប់ និងប្រព័ន្ធនយោបាយរបស់ទីក្រុងហុងកុង បន្ទាប់ពីបន្តការរៀបចំ និងអនុម័តច្បាប់សន្តិសុខជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងគោលបំណងជួយបំពេញកង្វះខាតក្នុងប្រព័ន្ធបោះឆ្នោតបច្ចុប្បន្នរបស់ទីក្រុងហុងកុង អនុវត្តពេញលេញនូវគោលការណ៍អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង ដែលទាក់ទងនឹងប្រព័ន្ធយន្តការ ធានាបានសិទ្ធិគ្រប់គ្រងទីក្រុងហុងកុង ដោយគ្រប់ជ្រុងជ្រោយពីរដ្ឋាភិបាលមជ្ឈិមចិន ធានាបានស្ថិរភាពវិបុលភាពរយៈពេលវែងសម្រាប់ទីក្រុងហុងកុង និងការអនុវត្តប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់គោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ផ្តល់នូវការការពាររដ្ឋធម្មនុញ្ញដ៏រឹងមាំនិងមានឥទ្ធិពលខ្លាំង។ នេះគឺជាការសម្រេចចិត្ត ដ៏មានន័យ និងសំខាន់មួយ។

កាលទីក្រុងហុងកុងស្ថិតក្នុងសម័យកាលអាណានិគម ពុំមានលទ្ធិប្រជាធិបតេយ្យនោះទេ កុំថាឡើយការបោះឆ្នោតបែបប្រជាធិបតេយ្យ។ ក្រោយពីទីក្រុងហុងកុង បានត្រឡប់មកកាន់ប្រទេសចិនវិញ បានឈានចូលដល់យុគសម័យប្រវត្តិសាស្រ្តថ្មី នៃគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ គោលនយោបាយប្រជាជនហុងកុងគ្រប់គ្រងហុងកុង និងស្វ័យគ្រប់គ្រងកម្រិតខ្ពស់ លទ្ធិប្រជាធិបតេយ្យនយោបាយក្នុងទីក្រុងហុងកុង មានការរីកចម្រើនតាមលំដាប់លំដោយ។

សិទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ជនរួមជាតិហុងកុងរឹតតែទូលំទូលាយជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។ ជាឧទាហរណ៍ សេចក្តីសម្រេចក៏បានកែលម្អយន្តការ គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលជាស្នូលនៃយន្តការបោះឆ្នោតក្នុងទីក្រុងហុងកុង។ ចំពោះរចនាសម្ព័ន្ធវិញ ដោយពីមុនមានសមាជិក ១២០០ នាក់មកពី ៤ វិស័យ ប្រែមកជាជាសមាជិក ១៥០០ នាក់មកពី ៥ វិស័យ បានពង្រីកការចូលរួមកិច្ចការនយោបាយរបស់ជនរួមជាតិហុងកុង ធ្វើឱ្យលក្ខណៈតំណាងនៃទីក្រុងមួយនេះរឹតតែទូលំទូលាយ។

ចំពោះមុខងារវិញ នាពេលអនាគតគណកម្មាធិការរៀបចំការបោះឆ្នោតក្នុងទីក្រុងហុងកុង ក្រៅពីអាចបន្តការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិសម្រាប់តំបន់
រដ្ឋបាលពិសេសមួយនេះ ហើយក៏មានមុខងារជាថ្មីក្នុងការតែងតាំងសមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិដោយតាមរយៈការបោះឆ្នោត និងអាចជ្រើសរើសបេក្ខភាពក្នុងក្រុមប្រឹក្សាមួយនេះ។ ការធ្វើដូច្នេះនឹងជួយបំបែកដែនកំណត់នៃផលប្រយោជន៍សម្រាប់វិស័យណាមួយ សម្រាប់តំបន់ណាមួយ ឬសម្រាប់ក្រុមណាមួយ ធ្វើឱ្យក្រុមប្រឹក្សានីតិប្បញ្ញត្តិ អាចតំណាងផលប្រយោជន៍រួមសម្រាប់ទីក្រុងហុងកុងរឹតតែល្អប្រសើរឡើង ហើយអាចជួយឱ្យទំនាក់ទំនងរវាងស្ថាប័នរដ្ឋបាលនិងស្ថាប័ននីតិប្បញ្ញត្តិរឹតតែរលូន។ នេះគឺជាវិធានការកែតម្រូវមួយ។

ប៉ុន្មានឆ្នាំមកនេះ ជាពិសេសចាប់តាំងពីឆ្នាំ ២០១៩ មក មានក្រុមកម្លាំងប្រឆាំង និងក្រុមកម្លាំងជ្រុលនិយមមួយចំនួនបានបង្កចលនាប្រឆាំងការធ្វើវិសោធនកម្មច្បាប់
បត្យាប័ន និងបានធ្វើការញុះញង់ពីគំនិតឯករាជ្យភាពហុងកុងជាដើម និងបង្កើតចលនាប្រឆាំងនឹងចិន និងបង្កអសន្តិសុខក្នុងទីក្រុងហុងកុង ធ្វើឱ្យប៉ះពាល់ដល់ដំណើរការក្រុមប្រឹក្សានីតិប្បញ្ញត្តិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង បានរារាំងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងការអនុម័តគោលនយោបាយតាមច្បាប់។ ការរៀបចំផែនការ និងការអនុវត្តនូវអ្វីដែលគេហៅថា ការបោះឆ្នោតបឋម (Primary Election) ដើម្បីដណ្តើមយកសិទ្ធិអំណាចក្នុងការគ្រប់គ្រងក្នុងទីក្រុងហុងកុង តាមរយៈការបោះឆ្នោត ក្នុងគោលបំណងគ្រប់គ្រងសិទ្ធិអំណាចដឹកនាំរបស់ក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៅក្នុងទីក្រុងហុងកុង។

កម្លាំងបរទេស និងក្រៅប្រទេសមួយចំនួនបានជ្រៀតជ្រែកយ៉ាងចំហនៅក្នុងកិច្ចការហុងកុងតាមរយៈនីតិប្បញ្ញត្តិ រដ្ឋបាល ស្ថាប័នកុងស៊ុលប្រចាំទីក្រុងហុងកុង អង្គការក្រៅរដ្ឋាភិបាល និងបណ្តាញផ្សេងទៀត ហើយក៏បានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីពាក់ព័ន្ធក្នុងប្រទេសចិនដោយមូលហេតុមិនសមហេតុផល គាំទ្រ និងលើកទឹកចិត្តធ្វើជាខ្នងបង្អែកដល់ក្រុមកម្លាំងប្រឆាំងទាំងនោះ។ ភាពវឹកវរគ្រប់ប្រភេទទាំងអស់នេះបានបង្ហាញថា ចំណុចចន្លោះប្រហោង និងខ្វះខាតយ៉ាងជាក់ស្តែងនៅក្នុងយន្តការប្រព័ន្ធបោះឆ្នោតបច្ចុប្បន្នរបស់តំបន់រដ្ឋបាលពិសេសហុងកុង ក្រុមកម្លាំងប្រឆាំងទាំងនោះ មានបំណងចង់ឆ្លៀតឱកាសមួយនេះដើម្បីចង់ដណ្តើមយកសិទ្ធិគ្រប់គ្រង ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។

ចំពោះចំណុចចន្លោះប្រហោង និងខ្វះខាតទាំងនេះ រដ្ឋាភិបាលមជ្ឈិមចិនបានធ្វើការត្រួតពិនិត្យ និងកែលម្អប្រព័ន្ធដែលពាក់ព័ន្ធចាប់ពីកម្រិតរដ្ឋធម្មនុញ្ញឡើងទៅ គឺជាអំណាច និងទំនួលខុសត្រូវរបស់ខ្លួនប្រកបដោយលក្ខណៈសិទ្ធិអំណាច ដែលមិនអាចសង្ស័យបាននិងមិនអាចប្រកែកបាន។ នេះគឺជាការរៀបចំមួយ ដោយស្របតាមសភាពការ។ ជនរួមជាតិហុងកុងជាច្រើនបានគិតថា ពួកគេរងទុក្ខវេទនាព្រោះតែប្រព័ន្ធបោះឆ្នោតមានចន្លោះកង្វះខាតយូរមកហើយ! ជនរួមជាតិហុងកុងជាច្រើនខូចចិត្តយ៉ាងខ្លាំងជាមួយបញ្ហា ដែលកើតមានឡើងនៅក្នុងទីក្រុងហុងកុង ហើយបានគាំទ្រយ៉ាងពេញទំហឹង ទៅលើគំនិតស្នេហាប្រទេសចិន ស្នេហាទីក្រុងហុងកុង និងមានក្តីសង្ឃឹមយ៉ាងខ្លាំង ទៅលើការកែលម្អប្រព័ន្ធបោះឆ្នោតមួយនេះឱ្យបានឆាប់រហ័សបំផុត។

សេចក្តីសម្រេចនេះត្រូវបានពិនិត្យនិងសម្រេចអនុម័ត ហើយមតិយោបល់សាធារណៈជនទូទៅនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា ការសម្រេចនេះស្របច្បាប់ សមហេតុផល និងមានភាពចាំបាច់ ហើយមានមូលដ្ឋានច្បាប់រឹងមាំដែលមានអត្ថប្រយោជន៍ដល់ស្ថិរភាពនៃគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ជួយការពារផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងជូនដល់ជនរួមជាតិហុងកុង នេះពិតជាមានសារសំខាន់ខ្លាំងដល់ទីក្រុងហុងកុង។

អត្ថបទដែលចេញផ្សាយដោយសារព័ត៌មាន Ta Kung Pao បានបញ្ជាក់ថា ទីក្រុងហុងកុង នឹងបង្កើតឡើងនូវប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យថ្មីមួយ ដែលស្របជាមួយតម្រូវការជាក់ស្តែងក្នុងស្រុក និងមានលក្ខណៈពិសេសនៃទីក្រុងហុងកុង អាចជួយទប់ទល់នឹងហានិភ័យនយោបាយ ដែលអាចនឹងកើតមានឡើង នឹងអាចជួយដល់ក្រុមប្រឹក្សានីតិប្បញ្ញត្តិ ក្នុងការកាត់បន្ថយនយោបាយភាវូនីយកម្ម និងភាពជ្រុលនិយម ជួយរដ្ឋាភិបាលទីក្រុងហុងកុងកាត់បន្ថយរបាំងនយោបាយ ក្នុងការអនុវត្តគោលនយោបាយ ហើយចាប់យកឱកាសនៃការអភិវឌ្ឍជាតិ និងផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ទីក្រុងហុងកុង នឹងបញ្ចប់បញ្ហាជម្លោះដែលកើតមានក្នុងរយៈពេលវែង បញ្ហាក្នុងសង្គមនឹងត្រូវបានដោះស្រាយផ្សះផ្សារ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទទួលបានការកែលម្អ ទីតាំងក្នុងអន្តរជាតិទទួលបានការពង្រឹង នឹងមានអនាគតរុងរឿង។ ប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងទីក្រុងហុងកុង បានលើកឡើងព្រមៗគ្នាថា សេចក្តីសម្រេចនេះបានបំពេញចន្លោះប្រហោង និងកង្វះខាតនៅក្នុងប្រព័ន្ធបោះឆ្នោតរបស់ទីក្រុងហុងកុង ពង្រីកការចូលរួមកិច្ចការនយោបាយប្រកបដោយតុល្យភាព និងសណ្ដាប់ធ្នាប់លើគ្រប់វិស័យក្នុងសង្គម ជួយបង្ក្រាបល្បិចកលរបស់ក្រុមកម្លាំងប្រឆាំងទាំងក្នុង និងក្រៅដែលមានបំណងចង់ដណ្ដើមយកសិទ្ធិគ្រប់គ្រងហុងកុងតាមរយៈនេះកសាងការធានាសុវត្ថិភាពភាពសម្រាប់ភាពរុងរឿងនិងស្ថិរភាពរយៈពេលវែង នៅក្នុងទីក្រុងហុងកុង។

លោក Chen Qingquan បណ្ឌិត្យសភាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យហុងកុង បានលើកឡើងថា សេចក្តីសម្រេច និងផ្នែកដែលពាក់ព័ន្ធជាមួយហុងកុងនៅក្នុងផែនការ ៥ ឆ្នាំលើកទី ១៤ បានជួយបំពេញឱ្យគ្នាទៅវិញទៅមក នេះមិនត្រឹមតែផ្ដល់នូវបរិយាកាសស្ថិរភាពនិងសេរីភាពប៉ុណ្ណោះទេ ក៏ថែមទាំងផ្តល់នូវឱកាសអភិវឌ្ឍន៍ថ្មី ប្រៀបដូចផ្តល់ជូនស្លាបមួយគូដល់ការអភិវឌ្ឍន៍រីកចម្រើនរុងរឿងរបស់ទីក្រុងហុងកុង។

នាខែមករា ឆ្នាំ២០២១ ប្រធានាធិបតីចិន Xi Jinping បានស្តាប់នូវសេចក្តីរាយការណ៍ប្រចាំឆ្នាំរបស់លោកស្រី Carrie Lam នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ហើយលោកក៏បានលើកឡើងថា ដើម្បីធានាការអនុវត្តប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់គោលនយោបាយប្រទេសមួយប្រព័ន្ធពីរ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលគោលការណ៍អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង។ សេចក្តីថ្លែងការណ៍ដ៏សំខាន់នេះ គឺជាការបូកសរុបបទពិសោធន៍នៃការអនុវត្តជាក់ស្តែងលើគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ចាប់តាំងពីទីក្រុងហុងកុងត្រឡប់មកកាន់ប្រទេសចិនវិញ និងជាការបង្ហាញឱ្យឃើញយ៉ាងស៉ីជម្រៅនៃច្បាប់អនុវត្តជាក់ស្តែងលើ គោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។

យើងជឿជាក់ថា បន្ទាប់ពីសេចក្តីសម្រេចត្រូវបានអនុម័ត និងអនុវត្ត គោលការណ៍អ្នកស្នេហាជាតិគ្រប់គ្រងហុងកុងនឹងត្រូវបានអនុវត្តថែមមួយកម្រិតទៀត ប្រព័ន្ធប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងនឹងមានសុខុមាលភាពល្អ និងការអភិវឌ្ឍន៍រឹតតែមានភាពរលូនទៅមុខ ភាពរុងរឿង និងស្ថិរភាពរបស់ទីក្រុងហុងកុងនឹងទទួលបានការធានាប្រកបដោយភាពរឹងមាំ បុព្វហេតុដ៏មហិមានៃគោលនយោបាយប្រទេសមួយប្រព័ន្ធពីរនេះ នឹងត្រូវបានបញ្ចេញកម្លាំងកាន់តែរស់រវើកថ្មីជាមិនខាន៕

សរសេរដោយ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ក្នុងឱកាសសភាតំណាងប្រជាជនទូទាំងប្រទេសចិន អនុម័តសេចក្តីសម្រេចស្តីអំពីការកែលម្អប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង៕