(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដាក់ចេញវិធានការ ៣ចំណុច ដល់ក្រុមការងារដោះស្រាយដីធ្លីថ្នាក់ខេត្ត សំដៅធ្វើយ៉ាងណាត្រូវដោះស្រាយឱ្យបានឆាប់ចប់នូវទំនាស់ដីធ្លីរវាងក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន និងគ្រួសារកងកម្លាំងសមាហរណកម្មនៅឃុំត្រពាំង ស្រុកឈូក។
ការដាក់វិធានការ៣ចំណុចសំខាន់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា រកដំណោះស្រាយ លើករណីរបស់ក្រុមហ៊ុន វើលទ្រីស្តា អ៉ិនធើថិនមេន របស់លោកឧកញ៉ា សូ ងួន ដែលមានការពាក់ព័ន្ធទំនាស់ដីធ្លី រវាងគ្រួសារកងកម្លាំងទ័ពសមាហរណកម្មការពារកោះឆ្នេរ មានទីតាំងដីស្ថិតក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។
វិធានការ៣ចំណុច ដែលលោកអភិបាលខេត្តកំពតដាក់ចេញ រួមមាន៖
១៖ តម្រូវឲ្យក្រុមហ៊ុនខាងលើអនុវត្តសកម្មភាពនៅតែក្នុងដីរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីរួច ដែលមិនមានការពាក់ព័ន្ធការទំនាស់។ ចំណែកដីនៅក្រៅការចុះបញ្ជី តម្រូវឲ្យក្រុមហ៊ុនរក្សាទុក និងផ្អាកសកម្មភាព ដើម្បីរកដំណោះស្រាយបន្តនៅលើទីតាំងដីជាក់ស្ដែងនោះបន្ថែមទៀត។
២៖ តម្រូវឲ្យក្រុមការងារបន្តការចុះសិក្សាទីតាំងដីកន្លែងណា ឲ្យបានពិតប្រាកដច្បាស់លាស់ តាម ស.ជ.ណ របស់រាជរដ្ឋាភិបាល ដែលបានសម្រេចជូនគ្រួសារកងទ័ព ដែលបានដាក់ស្នើសុំកន្លងមក ទៅជូនរាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំឯកសារតាមការលើកឡើងរបស់តំណាងក្រសួងកសិកម្ម ឲ្យដាក់ស្នើជូនទៅក្រសួងកសិកម្ម ដើម្បីសម្រេចដោះស្រាយឲ្យបានឆាប់ចប់ជូនគ្រួសារកងទ័ព ដែលមានការពាក់ព័ន្ធទាំងអស់នោះ។
៣៖ អភិបាលខេត្តបានសំណូមស្នើឱ្យក្រុមហ៊ុនឧកញ៉ា សូ ងួន និងគ្រួសារកងទ័ព រួមគ្នាដោះស្រាយដោយសន្តិវិធីតាមលក្ខណៈច្បាប់ មិនអាចដើរផុតពីនេះបានឡើយ ពិសេសត្រូវបញ្ចៀសឱ្យផុត មិនត្រូវបង្កទំនាស់ក្លាយជាហិង្សាឲ្យបានដាច់ខាត ដែលនាំឱ្យប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។
លោកអភិបាលខេត្តបានបញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍន៍ ក៏ដូចជាការវិនិយោគរបស់ក្រុមហ៊ុននានា ក្នុងភូមិសាស្ត្រខេត្តកំពត រដ្ឋបាលខេត្តកំពតតែងតែមានការគាំទ្រ និងចូលរួមកិច្ចសហការជានិច្ច ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ និងការវិនិយោគរបស់ក្រុមហ៊ុន ក៏ត្រូវផ្អែកលើកត្តានយោបាយផងដែរ មិនត្រូវធ្វើឲ្យមានការប៉ះពាល់ថ្នាំងថ្នាក់ និងបង្កការលំបាកដល់ប្រជាពលរដ្ឋទេ គឺផ្អែកលើកត្តាសេដ្ឋកិច្ចនិងនយោបាយទាំងពីរនេះ មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។
លោកអភិបាលខេត្តបានបន្តលើកឡើងថា រដ្ឋបាលខេត្តកំពត ជានិច្ចកាលពាក់ព័ន្ធនឹងការទំនាស់ មិនថាក្រុមហ៊ុន ឬប្រជាពលរដ្ឋ ពិសេសទំនាស់ដីធ្លីរវាងក្រុមហ៊ុនជាមួយគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពតកន្លងមក គឺរដ្ឋបាលខេត្តតែងតែបានចុះជួយអន្តរាគមន៍ដោះស្រាយគ្រប់ពេលវេលា មិនគិតថាម៉ោងណាទេ ដោយរដ្ឋបាលខេត្តមិនដែលព្រងើយកន្តើយទុកចោលរឿងឲ្យកើតឡើង ស្ថិតក្នុងរដ្ឋបាលខេត្ត ក្លាយជាអំពើហិង្សាធ្ងន់ធ្ងរបានឡើយ ព្រោះរដ្ឋបាលខេត្តជាសេនាធិការ និងជាអ្នកទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា តាមការអះអាងពីតំណាងគ្រួសារយោធិនពាក់ព័ន្ធនឹងដីធ្លី រាជរដ្ឋាភិបាលធ្វើប្រទានកម្មជូនគ្រួសារកម្លាំងទ័ពសមារណកម្មការពារ កោះឆ្នេរស្ថិតក្នុងតំបន់ នៃឃុំត្រពាំងភ្លាំង នេះមានសរុបប្រមាណជាង ១,០០០ ហិកតា ប៉ុន្តែសុំការកាន់កាប់ជាក់ស្ដែង មានចំនួនប្រមាណ ៧៤០ ហិកតា ហើយក្នុងនោះមួយចំនួនបានចេញប្លង់កម្មសិទ្ធិរួចរាល់ហើយផងដែរ តែមានការទំនាស់ជាមួយក្រុមហ៊ុន សូ ងួន ចំនួន៣ទីតាំង មានផ្ទៃដីសរុប ៤៧៨ ហិកតា ដើម្បីធ្វើការដោះស្រាយ និងសុំប្លង់កម្មសិទ្ធិកាន់កាប់នៅពេលនេះ៕