(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកជាថវិកា និងសម្ភារមួយចំនួនទៀត យកទៅប្រគល់ជូនមន្ត្រីនគរបាលខេត្តម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ដោយវះកាត់ពោះវៀនដុះខ្នែង។
លោកវរសេនីយ៍ឯក រស់ សុធី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានថ្លែងប្រាប់ថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃនេះលោកបានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ផុន ផាន់ណា នាយរងផ្នែកប្រឆាំងបទល្មើសវិស្វកម្ម ស្ថាបត្យកម្ម និងវិនិយោគ កំពុងសម្រាកព្យាបាលជំងឺវះកាត់ពោះវៀនដុះខ្នែង។
នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក រស់ សុធី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្ត្តមសេនីយ៍ទោស្នងការខេត្ត ដែលជានិច្ចជាកាលលោកស្នងការនគរបាលខេត្ត តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលខេត្តទាំងអស់ ពិសេសកងកម្លាំងនគរបាលដែលជួបនូវគ្រោះថ្នាក់ផ្សេងៗ។
លោកក៏បានណែនាំឲ្យអ្នកជំងឺ ត្រូវខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែន គឺ៣កុំនិង៣ការពារ។
លោកវរសេនីយ៍ឯក រស់ សុធី បានថ្លែងថា អំណោយដែលប្រគល់ជូនក្នុងឱកាសនោះរួមមាន៖
*ថវិកាចំនួន ១.០០០.០០០រៀល
*គ្រឿងឧបភោគ បរិភោគ ដូចជា៖ ទឹកបរិសុទ្ធចំនួន ៤កេស, ទឹកដោះគោឆៅចំនួន១កេស, ទឹកផ្លែឈើ ចំនួន១កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងលោកស្រី។
ក្នុងនោះដែរ លោកក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨០០.០០០ រៀល បន្ថែមទៀតផងដែរ ដើម្បីជួយសម្រួលក្នុងការព្យាបាលជម្ងឺ៕