(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យលោក ស ថាវី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចលើសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា ពោលមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារ ការអត់ឃ្លានឡើយ។
ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ស ថា វី បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន លោកតែងគិតគូរ និងបារម្ភជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ហើយសម្តេច តែងចាត់តាំងក្រុមការងារតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានឲ្យតាមដាន ដោយយកចិត្តទុកដាក់អំពីការរស់នៅរបស់ប្រជាពល រដ្ឋ ក៏ដូចជាការការពារសន្តិសុខ សណ្តាប់ធ្នាប់»។
លោក ស ថាវី បានបន្តថា ទន្ទឹមនេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងតែ ចុះដល់មូលដ្ឋានជួយប្រជាពលរដ្ឋ ដែលរងគ្រោះផ្សេងៗ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ។
នៅក្នុងជំនួបនេះ លោក ស ថាវី ក៏បានលើកឡើងពីការសុំដីសម្រាប់បង្កបង្កើនផលបន្ថែម របស់ប្រជាពលរដ្ឋផងដែរ ដោយលោក បានទទួលយក និងចាត់ឲ្យក្រុមការងារចុះសិក្សាឲ្យបានច្បាស់លាស់ថា តើមានប៉ុន្មានគ្រួសារ?
លោកអភិបាល បានហៅសំណើរបស់ប្រជាពលរដ្ឋមកអាជ្ញាធរខេត្ត គឺជាការល្អណាស់ ដោយអ្នកខ្លះគេមិនស្នើសុំនោះទេ គឺគេទៅ កាប់រុករានព្រៃតែម្តង លុះពេលសមត្ថកិច្ចចាប់បែរជាថា គេមិនយោគយល់ទៅវិញ។ ជម្លោះដីធ្លីនេះ លោក ស ថាវី បានស្នើប្រជាពល រដ្ឋ កុំជឿតាមការញុះញង់។
ក្រៅពីការសន្យាដោះស្រាយដីកសិកម្មជូនប្រជាពលរដ្ឋបន្ថែមហើយនោះ លោក ស ថាវី បានឲ្យលោកមេឃុំចុងកាល់សាងសង់ប៉ុស្តិ៍ សម្រាប់ប្រជាការពារភូមិនៅផ្លូវចូលក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ ហើយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជីកស្រះជូនប្រជាពល រដ្ឋប្រើប្រាស់។ លោក ស ថាវី បានឲ្យលោកអភិបាលស្រុកចុងកាល់រៀបចំកម្មវិធីហូបនំបញ្ចុករួមគ្នា ជាមួយប្រជាពលរដ្ឋនៅថ្ងៃខាង មុខ ហើយលោកក៏ចូលរួមផងដែរ៕