(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយប្រគល់ជូនអង្គភាពពន្ធធានាគារខេត្ត និងបន្តចុះត្រួតពិនិត្យមើលមណ្ឌលធ្វើចតាឡីស័កចំនួន៣កន្លែង ជាមួយនឹងការជួបសំណេះសំណាល សួរសុខទុក្ខពលករដែលកំពុងធ្វើចត្តាឡីស័ក។
លោក ប្រាក់ សុវណ្ណ ក៏ណែនាំឱ្យមន្ត្រីអនុរក្សពន្ធធានាគារខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជនជាប់ឃុំឃាំង ដោយត្រូវឱ្យពួកគាត់ពាក់ម៉ាស់ និងសម្អាតដៃ ជាប្រចាំ។ លោកក៏បានប្រគល់អំណោយរួមមាន៖ ម៉ាស់៥០ប្រអប់ អាកុល ៩០លីត្រ ទឹកបរិសុទ្ធ២០កេះ និងថវិកាចំនួន២លានរៀល។
ជាមួយគ្នានេះដែរលោកអភិបាលខេត្តព្រះវិហារ ក៏បានបន្តដឹកនាំក្រុមការងារ បន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលប្រចាំការនៅសាលាបឋមសិក្សា ស្ថាពរ ដែលនឹងត្រៀមរៀបចំធ្វើមណ្ឌលចតាឡីស័ក និងបានប្រគល់ជូនថវិកាដល់លោកគ្រូអ្នកគ្រូចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ម៉ឺនរៀល និងម៉ាស់ចំនួន ៤ដុំ។
ដោយឡែកក្រុមគ្រូពេទ្យ និងពលករដែលកំពុងធ្វើចតាឡីស័ក ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងឃីតមួយកញ្ចប់ធំ។ ចំណែកក្រុមការងារគ្រូពេទ្យ ប្រចាំនៅទីនោះទទួលបាន ម៉ាស់ ៥ដុំ ទឹកបរិសុទ្ធ១០យួរ អាកុល ១០លីត្រ និងថវិកា ៥លានរៀល ជាអំណោយសម្ដេចតេជោ ហ៊ុន សែន ហើយក្រុមគ្រូពេទ្យ ១៣នាក់ ម្នាក់ៗទទួលបានថវិការ ២ម៉ឺនរៀល៕