(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងឱ្យដឹងថា មានបុរសជនជាតិចិនម្នាក់ និងជនជាតិសិង្ហបុរីម្នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» បម្រើការនៅក្នុងក្រុមហ៊ុនញូញៀន ស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក្រោយមន្ត្រីសុខាភិបាលយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ព័រ តែអវិជ្ជមានជំងឺកូវីដ-១៩។

សម្រាប់ខេត្តកោះកុង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ ខណៈមនុស្សចំនួន ២,០៤១នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ខេត្តកោះកុង ត្រូវបានយកទៅពិនិត្យសំណាក និងតម្រូវឱ្យធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិតបានបន្តថា «ក្រោយពីរកឃើញ និងទទួលលទ្ធផលអវិជ្ជមាន ហើយមន្ត្រីសុខាភិបាលបានឱ្យបុរសទាំង ២នាក់ នោះវិលទៅបម្រើការងារក្នុងក្រុមហ៊ុនរបស់គាត់វិញ។ ប៉ុន្តែ នៅពេលបុរសទាំង២នាក់ ទៅដល់កន្លែងបំរើការងារវិញនោះខាងភាគីក្រុមហ៊ុនបានរៀបចបន្ទប់ឱ្យពួកគាត់ធ្វើចក្តាឡីស័ក ១៤បន្ថែមទៀតនេះ ជាវិធានការមួយដ៏ល្អ ក្នុងការតាមដានមន្ថែមទៀត ដើម្បីកុំឱ្យមានការរីករាលដាល បន្តឆ្លងចូលក្នុងសហគមន៍»

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីកុំឱ្យជំងឺនេះ រីករាលដាលឆ្លងចូលក្នុងសហគមន៍។ បន្ថែមពីនេះត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធាការការផ្សព្វផ្សាយណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» និងថែរក្សាអនាម័យបរិស្ថានថែរក្សាសុខភាពដោយខ្លួនឯង ការពារប្រសើរជាងព្យាបាល។

រហូតមកដល់ពេលនេះ កម្ពុជាមានរាជធានី-ខេត្ត ចំនួន១១ហើយ បានឆ្លងជំងឺកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកោះកុង, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង និងខេត្តតាកែវ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕