(សៀមរាប)៖ កាលពីមុននៅបរិវេណមុខប្រាសាទអង្គរវត្ត និងខាងក្នុងនៅជិតស្រះទឹកខាងជើង មានការលក់ដូរសំលៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនកន្លែង។ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំដាំដើមឈើ ស្មៅ និងផ្កា ក៏តម្រូវឱ្យពួកគាត់ មកលក់ដូរនៅចំណតរថយន្តវិញ។
ការប្តូរមកលក់នៅមុខប្រាសាទនេះ មានរយៈពេល២ឆ្នាំហើយ ហើយក៏ស្របពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ជួបវិបត្តិជំងឺរាតត្បាតកូវីដ១៩ ហេតុដូច្នេះពុំមានភ្ញៀវទេសចរមកទស្សនាប្រាសាទដូនមុន ការលក់ដូរក៏មិនសូវជាកាក់កបនោះដែរ។
អ្នកស្រី ស្រិន ចាន់ឌី អាយុ ៣១ឆ្នាំ បានរៀបរាប់ថា គាត់ប្រកបមុខរបរលក់សំលៀកបំពាក់តាំងពីឆ្នាំ២០០១ មកហើយ ដែលកាលពីមុនមានភ្ញៀវទេសចរមកកម្សាន្តច្រើន។ ដូច្នេះការលក់ក្នុងមួយថ្ងៃ បានចំណូលប្រហែល ២០ម៉ីន ទៅ ៣០ម៉ឺនរៀល ប៉ុន្តែបន្ទាប់មានជំងឺកូវីដ១៩មក រយៈពេលជាងមួយឆ្នាំមកនេះ ក្នុងមួយថ្ងៃអ្នកស្រីលក់បានតែ ២ម៉ឺន ទៅ ៣ម៉ឺនរៀល និងមានថ្ងៃខ្លះលក់មិនដាច់សោះក៏មានដែរ។
នៅមិនឆ្ងាយប៉ុន្មានពីអ្នកលក់ឯទៀត ដែលមានតូបលក់សំលៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍លាយលំគ្នាដែរនោះ អ្នកស្រី មឿន សូត្រ មានអាយុ ៥៦ឆ្នាំ បានប្រាប់ថា អ្នកស្រីលក់នៅមុខអង្គរនេះយូរឆ្នាំមកហើយ គឺលក់តាំងពីកូនៗនៅតូច ឥឡូវពួកគេមានអាយុ ២៦ឆ្នាំហើយ។
អ្នកស្រីបន្ថែមទៀតថា ដើមឡើយអ្នកស្រីលក់នៅតែមុខអង្គរទេ មិនបានលក់តាមផ្សារផ្សេងៗទេ។ ចាប់ពីមានជំងឺកូវីដ១៩មក រាល់ថ្ងៃនេះជួនកាលលក់បានតិចតួច ថ្ងៃខ្លះទៀតក៏មិនបានដាច់សោះក៏មានដែរ។ និយាយដោយទឹកមុខស្រងូតស្រងាត់ អ្នកស្រីបន្តថា មកលក់រាល់ថ្ងៃនេះឱ្យតែផុតពីផ្ទះ មានអ្នកខ្លះក៏គាត់មិនបានមកលក់ដែរ ពីព្រោះលក់មិនដាច់។
រីឯលោក ចាន់ ធូរ វិញបានត្អូញត្អែរថា ការលក់រាល់ថ្ងៃនេះលក់មិនដាច់ដូចមុនទេ ក្នុង១០ថ្ងៃលក់សំលៀលបំពាក់ដាច់បានតែ៣ទេ។ សម្រាប់ខោអាវដែលយកមកលក់ គឺគេដេរនៅសៀមរាប ប៉ុន្តែពីមុនយកខោអាវមកលក់ ដែលគេអាចឱ្យជំពាក់បានខ្លះៗ ចាប់តាំងពីលក់មិនសូវដាច់មក គេតម្រូវឱ្យបង់លុយទៅគេទាំងអស់ ដោយមិនឱ្យជំពាក់ទៀតទេ ដោយខ្លាចអ្នកលក់មិនមានលុយឱ្យ ឬសងត្រឡប់វិញ។
ងាកទៅខាងមគ្គុទ្ទេសក៍ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា លោកធ្វើជាមគ្គុទ្ទេសក៍ពីឆ្នាំ២០០៧ មកហើយ ដោយសារមិនចង់ធ្វើការតាមក្រុមហ៊ុន សណ្ឋាគារ។ លោកបានបន្តទៀតថា ចាប់តាំងពីមានជំងឺរាតត្បាតមក គាត់មិនមានភ្ញៀវទេសចរបរទេសទេ មានភ្ញៀវទេសចរក្នុងស្រុកខ្លះៗ ដែលគាត់ចង់ដឹងពីប្រវត្តិរបស់ប្រាសាទអង្គរ ហើយបានឱ្យមគ្គុទេសក៍នាំផ្លូវគាត់ និងនិយាយរឿងប្រវត្តិប្រាសាទអង្គរ ដល់ពួកគាក់ដែលប្តូរនឹងកម្រៃបន្តិចបន្តួចមកវិញ។
បុគ្គលិកគ្រឹះស្ថានអង្គរមួយរូប បានបង្ហើបប្រាប់ថា រាល់ថ្ងៃនេះមិនមានភ្ញៀវទេសចរបរទេសទេ មានតែទេសចរក្នុងស្រុក ហើយបើមានភ្ញៀវទេសចរបរទេស ក៏តិចតួចដែរ គឺក្នុងមួយថ្ងៃមានពី ៤ ឬ៥នាក់ ហើយពួកគាត់សុទ្ធតែអ្នកប្រកបរបរនៅក្នុងស្រុកខ្មែរ៕