(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញ-ចូលផ្ទះ ចំនួន ៣កន្លែង ដែលជាប់នឹងភោជនីយដ្ឋានម៉ូសូ ក្រោយពីរកឃើញថាអ្នកឆ្លងកូវីដ១៩ ធ្លាប់ចូលទៅទីនោះ។ នេះបើតាមលិខិត របស់លោក គួច ចំរើន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ផ្ទះដែលត្រូវបិទទាំង៣នោះ ស្ថិតនៅជាប់នឹងភោជនីយដ្ឋានម៉ូសូ ដែលមានទីតាំងនៅផ្លូវ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បន្ថែមលើនេះ អភិបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យអ្នកពាក់ព័ន្ធនៅក្នុងផ្ទះទាំង៣ ខាងលើ ត្រូវយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ផងដែរ។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យទីតាំងជាច្រើនដែលពាក់ព័ន្ធ ត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕
សូមអានលិខិតរបស់អភិបាលខេត្តព្រះសីហនុខាងក្រោម៖