(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ខ្លួនមេការ២នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ក្នុងហាងមួយកន្លែងដែលមានយីហោឈ្មោះ «សម្រស់ជាយក្រុង» ដើម្បីចាត់ការបន្តតាមនីតិវិធី ករណីលួចបើកខារ៉ាអូខេ បំពានវិធានការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ការបង្ក្រាបករណីលួចបើកសកម្មភាពខារ៉ាអូខេនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២១៖០០នាទី ដោយមានការដឹកនាំ និងសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក៏បានឃើញហាងសម្រស់ជាយក្រុង មានការផឹកស៉ី ជួបជុំមនុស្សច្រើន ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដែលជាបុគ្គលិកបម្រើការងារក្នុងហាងខាងលើនាំទៅសួរនាំ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៩នាក់ និងការចុះបង្ក្រាបជាក់ស្តែង បង្ហាញថា មានករណីលួចបើកខារ៉ាអូខេពិតប្រាកដមែន៕