(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រមណីយដ្ឋានអូរដា គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយស្ថិតនៅជួរភ្នំអារ៉ៃ ឃុំរកាត ស្រុកភ្នំក្រវាញ ក្នុងចំណោមរមណីយដ្ឋាន ជាច្រើនក្នុងខេត្តពោធិ៍សាត់ ដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ត្រូវបានសិក្សាស្រាវជ្រាវរកឃើញ និងកសាងឡើងចាប់តាំងពីឆ្នាំ១៩៩៩ ព្រមទាំងបាត់ប្រជាប្រិយភាពវិញចាប់ពីឆ្នាំ២០០២មកម្ល៉េះ ដោយផ្លូវលំបាកធ្វើដំណើរ ចាំបាច់ត្រូវរៀបចំដំណើរការឡើងវិញ ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត។
ការលើកឡើងបែបនេះ ខណៈ ដែលលោកបានដឹកនាំមន្ត្រីជំនាញ ចុះធ្វើការពិនិត្យ និងសិក្សាធ្វើផ្លូវទៅកាន់រមណីយដ្ឋានអូរដា មានចម្ងាយផ្លូវពីទីរួមខេត្ត៥៥គីឡូម៉ែត្រ និងមានចម្ងាយផ្លូវពីទីរួមស្រុក២៦គីឡូម៉ែត្រ ដែលទុកចោលជាង១០ឆ្នាំមកហើយ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។ គួរបញ្ជាក់ថា រមណីយដ្ឋានអូរដា គេហៅថាដាអារ៉ៃ ឬដាព្រះនាងឱរ៉ៃ គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ បានសិក្សាស្រាវជ្រាវរកឃើញ និងកសាងឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៩ ដោយមន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃស្រុកភ្នំក្រវាញ។ រមណីយដ្ឋាននេះមានប្រជាប្រិយភាពជាងគេបំផុតនាឆ្នាំ១៩៩៩ និងបាត់ប្រជាប្រិយភាពទៅវិញចាប់ពីឆ្នាំ ២០០២មកម៉្លេះ។
ពេលដឹកនាំមន្ត្រីជំនាញ ចុះធ្វើការពិនិត្យ និងសិក្សាធ្វើផ្លូវទៅកាន់រមណីយដ្ឋានអូរដា លោក ម៉ៅ ធនិន បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទីនោះថា នៅតាមផ្លូវនេះរហូតដល់តំបន់រមណីយដ្ឋានអូរដា នៃជួរភ្នំអារ៉ៃ គឺលោកមិនអនុញ្ញាតឲ្យកាប់រានព្រៃនៅតំបន់នេះតទៅទៀតទេ ហើយបើបងប្អូនយើងនៅតែល្មើសកាប់រាន បងប្អូនត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។ លោកបានបន្តទៀតថា បច្ចុប្បន្នយើងកំពុងរៀបចំធ្វើផ្លូវហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងម៉េចក៏ដោយ ត្រូវរក្សាព្រៃនៅតំបន់ជួរភ្នំអារ៉ៃនេះឲ្យបាន សម្រាប់បងប្អូនរកស៊ីលក់ដូរ នៅតំបន់រមណីយដ្ឋានធម្មជាតិអូរដានេះ។ លោកបានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះ ធ្វើយ៉ាងណាមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់គ្រប់គ្នា ដោយមិនយកកម្រៃសេវាពីពួកគាត់នោះឡើយ។
ជាងនេះទៅទៀត លោករួមជាមួយមន្ត្រីជំនាញក៏បានពិនិត្យមើលទីតាំងរមណីយដ្ឋានអូរដា និងបន្តទៅតំបន់វាលស្រែអារ៉ៃ ហើយបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ២គ្រួសារ នៅតំបន់នោះ ព្រមទាំងបានប្រគល់វត្ថុកំដរដៃ ដល់គ្រួសារនីមួយៗផងដែរ៕