(ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារ ARDB និងលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជា ព្រមទាំងសមាជិកសមាគម និងអ្នកពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាដោះស្រាយបញ្ហាកកស្ទះត្រីក្នុងស្រះ។

កិច្ចប្រជុំនេះ គឺភាគីពាក់ព័ន្ធទាំងអស់ មានគោលបំណងស្វែងរកមូលហេតុពិតប្រាកដដែល នាំអោយតម្លៃត្រីធ្លាក់ថ្លៃ និងស្វែងរកធាតុចូល ព្រមជាមួយដំណោះស្រាយជាក់លាក់ លើបញ្ហាធ្លាក់ថ្លៃនៃផលវារីវប្បកម្មនៅកម្ពុជា។

បញ្ហាប្រឈមសំខាន់របស់វារីវប្បកម្មក្នុងឆ្នាំ២០២១ ពោល គឺនៅក្នុងត្រីមាសទី១នេះ ចាប់ពីខែមករា ដល់ ខែមីនា គឺមានការកកស្ទះត្រីក្នុងស្រះ ដោយមិនមានឈ្មួញកណ្ដាល ចុះចាប់ត្រីដូចកាលកន្លងមកឡើយ ដោយមូលហេតុមានការនាំត្រីគ្រប់ប្រភេទចូលពីប្រទេសជិតខាងដោយគំហុក ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផលត្រីដែលវារីវប្បករខឹតខំចិញ្ចឹមក្នុងស្រុក។

តាមរយៈកិច្ចប្រជុំបន្ទាន់នេះ ភាគីសមាជិកសមាគមវារីវប្បករនៅកម្ពុជា បានលើកសំណើសុំដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលពាក់ព័ន្ធ ជាពិសេស គឺក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកវិធានការដោះស្រាយបន្ទាន់ ទៅលើបញ្ហាធ្លាក់ថ្លៃនៃត្រីនេះ ព្រមជាមួយបញ្ហាជាប់គាំង ដែលត្រីភាគច្រើនដែលផលិតបានក្នុងស្រុកពីខែ មករា ដល់ខែមីនានេះ គឺមិនទាន់មានការចាប់ពីឈ្មួញកណ្ដាលនៅឡើយ។

ចំពោះបញ្ហាដែលត្រូវដោះស្រាយរួមមាន៖

១៖ សមាគមសូមស្នើឲ្យចាត់វិធានការជាបន្ទាន់មួយ ដើម្បីដោះស្រាយទៅលើបញ្ហាត្រី ដែលកកស្ទះនៅក្នុងស្រះ ដែលមិនទាន់ចាប់នេះ ដោយសារបរិមាណផលដែលចិញ្ចឹមបាន ក្នុងអំឡុងខែមករា ដល់មីនា នេះគឺប្រមាណជាង៣ម៉ឺនតោន ដែលនៅកកស្ទះនៅក្នុងស្រះនៅឡើយ។ ពោល គឺប្រសិនបើមិនចាប់ទាន់ពេលវេលាទេ វាធ្វើឱ្យខូចនៅគុណភាពត្រី ដោយត្រីអាចស្គម ហើយប្រសិនបើជាឱ្យចំនីត្រី វាអាចធំលើសទម្ងន់ វានឹងបង្កើនការចំណាយច្រើន ដល់វារីវប្បករយើងទៀតផង។ មួយវិញទៀត រដូវកាលនេះជារដូវកាលរាំងស្ងួត ដែលធ្វើឱ្យតំបន់មួយចំនួនអាចខ្វះទឹក ហើយនៅពេលដែលខ្វះទឹក ត្រីអាចងាប់ ដែលនាំអោយមានការខាតបង់កាន់តែច្រើន។ ក្នុងន័យនេះប្រសិនបើគ្មានអន្តរាគមន៍ទាន់ពេលវេលាទេ វាអាចធ្វើអោយប៉ះពាល់ និង អាចធ្វើឱ្យវារីវប្បករបាក់ទឹកចិត្ត ហើយអាចឈានទៅដល់ការលែងចិញ្ចឹមត្រី ក្នុងស្រុកផងដែរ។

២៖ សមាគមសូមឱ្យក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ មេត្ដាត្រួតពិនិត្យឱ្យបានច្បាស់លាស់ ទៅលើឈ្មួញនាំចូលឱ្យស្របទៅតាមច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងការនាំត្រីលើសបរិមាណ ដែលមាននៅក្នុងលិខិតអនុញ្ញាត ដែលជាមូលហេតុធ្វើឱ្យលើសតម្រូវការ នៃការផ្គត់ផ្គង់ក្នុងស្រុក ដែលធ្វើអោយបាត់តុល្យភាព រវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំត្រីចូល ដែលមានតម្លៃប្រកួតប្រជែងទាបជាង ការផលិតក្នុងស្រុក។

ប្រធានអង្គប្រជុំបានទទួលយកសំណើនេះ ដើម្បីធ្វើជារបាយការណ៍លំអិតមួយ ជូនទៅថ្នាក់ដឹកនាំ ដើម្បីជូនលោកជ្រាប និងស្នើសុំដំណោះស្រាយ ដើម្បីអនុវត្តបន្តសម្រាប់ការងារនេះ៕