(កណ្តាល)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ ប្រគល់ជូនគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
គ្រឿងឧបភោគបរិភោគ និងសម្ភារៈដែលត្រូវបាននាំយកប្រគល់ជូននោះរួមមាន៖ អង្ករចំនួន៥តោន មី ២០កេសធំ ត្រីខ ២០កេសធំ ម៉ាស់ ៥កេស (ស្មើនឹង ១២,៥០០ម៉ាស់) ទឹកសុទ្ធចំនួន៣០កេស និងទឹកអាល់កុលលាងដៃចំនួន៥០កាន (ក្នុងមួយកានមានចំណុះ៣០លីត្រ)។
សូមរម្លឹកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនបាន ព្រងើយកន្តើយឬធ្វេសប្រហែសទេ ពោលគឺនៅតែមានការគិតគូរយកចិត្តទុកដាក់បន្ត តាមរយៈការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានជ្រួតជ្រាប និងចូលរួមក្នុងការបញ្ចៀសពីជំងឺដ៏កាចសាហាវនេះ៕