(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ លើបុរសអាយុ៤១ឆ្នាំ ម្នាក់ទៀតហើយ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺ សេង ចិន្តា ហៅអ៉ីត តារាកំប្លែង CTN និងមានអ្នកពាក់ព័ន្ធ ៣នាក់ផ្សេងទៀត ធ្វើឲ្យកើនឡើងទីតាំងចត្តាឡីស័កចំនួន១៦កន្លែង ក្រោយពីបញ្ចប់ និងបើកដំណើរការទីតាំងចត្តាឡីស័កពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ចំនួន៣កន្លែងឡើងវិញជាធម្មតា។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី បញ្ជាក់ថា ក្រុមការងាររដ្ឋបាលខណ្ឌ និងក្រុមការងារក្រសួងសុខាភិបាល បានបន្តការរកឃើញបុរសម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នាម៉ោង០៨៖៥០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

លោក ជា ពិសី បន្តថា បុរសជាអ្នកជំងឺកូវីដ១៩នេះ ត្រូវបានក្រុមការងារក្រសួងសុខាភិបាលបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ដោយពាក់ព័ន្ធជាមួយ ស្រីអ៉ិត តារាកំប្លែង CTN និងមានអ្នកពាក់ព័ន្ធ៣នាក់ផ្សេងទៀត ត្រៀមយកសំណាកទៅពិនិត្យ និងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត បន្ទាប់ពីសម្រេចបិទទីតាំងនេះបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ រយះពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ស្រីអ៉ីត ត្រូវបានរកឃើញថាកើតជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរូបនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង វី ឌីណែត៕